(ប៉េកាំង)៖ ធនាគារកណ្តាលចិនបានឱ្យដឹងនៅថ្ងៃចន្ទថា ខ្លួននឹងបង្កើនការគាំទ្រដល់សេដ្ឋកិច្ចដែល កំពុងថមថយ ខណៈពេលដែលកំពុងឃ្លាំមើលអតិផរណាក្នុងស្រុក និងពិនិត្យមើលការកែសម្រួល គោលនយោបាយដោយប្រទេសកំពុងអភិវឌ្ឍន៍នានា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍អនុវត្តគោលនយោបាយរូបិយវត្ថុប្រចាំត្រីមាសទី១ របស់ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាលរបស់ប្រទេស ចិនថា ធនាគារកណ្តាលនឹងរក្សាសាច់ប្រាក់ងាយស្រួលក្នុងបរិមាណច្រើនសមហេតុផល ផ្តល់អាទិ ភាពដល់ស្ថិរភាព និងចាត់វិធានការដើម្បីបង្កើនទំនុកចិត្ត។
ធនាគារកណ្តាលចិនបានឱ្យដឹងថា៖ «ថ្មីៗនេះ វិបត្តិជំងឺកូវីដ-១៩ និងវិបត្តិអ៊ុយក្រែនបាននាំឱ្យមានការ កើនឡើងហានិភ័យ និងបញ្ហាប្រឈម ហើយភាពស្មុគស្មាញ ភាពធ្ងន់ធ្ងរ និងភាពមិនច្បាស់លាស់ នៃបរិយាកាសអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង»។
ប៉ុន្តែប្រទេសចិននៅតែមានលក្ខខណ្ឌអំណោយផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនក្នុងរយៈពេលវែង ដោយសារសក្តានុពលទីផ្សារដ៏ធំរបស់ខ្លួន និងឱកាសធំទូលាយសម្រាប់ចាត់វិធានការ។
ធនាគារកណ្តាលបានបន្តថាប្រទេសចិននឹងរក្សាប្រតិបត្តិការសេដ្ឋកិច្ចរបស់ខ្លួនក្នុងកម្រិតសមហេតុផល ហើយនឹងគាំទ្រដល់តម្រូវការលំនៅឋាន និងបង្កើនការគាំទ្រសម្រាប់ការជួលលំនៅឋាន ដោយ មិនប្រើប្រាស់អចលនទ្រព្យធ្វើជាការជំរុញសេដ្ឋកិច្ចរយៈពេលខ្លីនោះទេ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា ប្រទេសចិននឹងរក្សាអនុបាតបំណុលសរុបធៀប នឹងផលិតផលក្នុងស្រុកសរុប (macro leverage ratio) របស់ខ្លួនឱ្យស្ថិតក្នុងមូលដ្ឋានស្ថិរភាព ហើយរក្សាអត្រាប្តូរប្រាក់យ័នឱ្យមានស្ថិរភាពផងដែរ។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានទទួលរងផលប៉ះពាល់ពីការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលនាំទៅដល់ការបិទខ្ទប់ទាំងស្រុង ឬដោយផ្នែកនៅក្នុងទីក្រុងរាប់សិបរបស់ ប្រទេសចិន ដែលបានឈានទៅរកការបិទខ្ទប់ទូទាំងទីក្រុងសៀងហៃ៕