(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសប្រើប្រាស់បណ្តាញសង្គម Instagram ឬហៅថា IG ដែលជាបណ្តាញសង្គមបុត្រសម្ព័ន្ធរបស់ Facebook។
Instagram របស់សម្តេចតេជោ ហ៊ុន សែន មានឈ្មោះថា «hunsencambodia»។ សម្តេចតេជោ បានបញ្ជាក់ពីការប្រើប្រាស់បណ្តាញ IG យ៉ាងដូច្នេះ «កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនីឈ្មោះ តាសាញ់។ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការ នៃ instagram របស់ខ្ញុំដែលមានរូបភាព ដូចភ្ជាប់ជាមួយ»។
សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែបានធ្វើបច្ចុប្បន្នភាពជាប់ជានិច្ចជាមួយ ប្រព័ន្ធបច្ចេកវិទ្យាកំពុងវិវឌ្ឍន៍លើសកលលោក។
ក្រៅតែជាមេដឹកនាំមានភាពប៉ិនប្រសប់ជាមួយការប្រើប្រាស់ និងស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ជាមេដឹកនាំដែលតែងប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សារភ្ជាប់ជីវិតការងារ និងជីវិតឯកជនភាពរបស់សម្តេចជាមួយនឹងប្រជាពលរដ្ឋផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រើប្រាស់បណ្តាញសង្គម Facebook ជាផ្លូវការកាលពីថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០១៥។ មកដល់ពេលបច្ចុប្បន្នទំព័រ Facebook របស់សម្តេចតេជោ មានអ្នក ចុច Like និង Follow ប្រមាណជា ១៣លាននាក់។ តាមរយៈទំព័រហ្វេសប៊ុកនេះ ក្រៅតែពីការ ផ្សព្វផ្សាយនូវសកម្មភាពការងាររបស់សម្តេចក្នុងកិច្ចការបម្រើជាតិ និងប្រជាជនហើយនោះ ទំព័រ ហ្វេសប៊ុក ក៏ជាទីលានដែលសម្តេចបានបង្ហាញពីជីវិតឯកជន និងការប្រាស្រ័យទាក់ទងជាមួយ ប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏អាចទទួលសំណើ បញ្ហា និងក្តីកង្វល់របស់ប្រ ជាពលរដ្ឋតាមទំព័រ Facebook ផងដែរ។
ការឆ្ពោះមកប្រើប្រាស់ Instagram នាពេលនេះ គឺជាការបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន កំពុងពង្រីកការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ តាមរយៈ បណ្តាញសង្គមដ៏ល្បាញល្បីលើពិភពលោកមួយនេះបន្ថែមទៀត។
សូមបញ្ជាក់ថា ពេលបច្ចុប្បន្ននេះ ក្រៅតែពីការប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram សម្តេចតេជោ ក៏បានប្រើប្រាស់បណ្តាញសង្គមមួយចំនួនទៀត ដើម្បីប្រាស្រ័យទាក់ទង ជាមួយក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារផ្សេងៗ ក៏ដូចជាប្រើជាមធ្យោបាយ ដើម្បីបញ្ជូនសារនានាទៅកាន់ប្រជាពលរដ្ឋ៕