ជនស៊ីវិល១០០នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង Mariupol ក្រោមកិច្ចប្រឹងប្រែងដឹកនាំដោយ UN


 (កៀវ)៖ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន DW នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ បានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានឱ្យដឹងថា ជនស៉ីវិលចំនួន ១០០នាក់ដំបូង ត្រូវបានជម្លៀស ចេញពីរោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៃទីក្រុងម៉ារីយូប៉ូល (Mariupol) ហើយ។ លោក Zelensky បានបង្ហោះសារលើប្រព័ន្ធ Twitter ដូច្នេះថា «ដំណើរការជម្លៀសជនស៉ីវិលចេញ ពីរោងចក្រ Azovstal ត្រូវបានចាប់ផ្តើម។ ក្រុមដំបូងនៃមនុស្សប្រហែល១០០នាក់ កំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ទីក្រុង ហ្សាប៉ូរីសហ្សៀ (Zaporizhzhia) ដែលគ្រប់គ្រងដោយកងទ័ពអ៊ុយក្រែន ស្ថិត នៅចម្ងាយប្រមាណ២២០គីឡូម៉ែត្រ ពីភាគពាយព្យទីក្រុង Mariupol»

សូមបញ្ជាក់ថា អង្គការសហប្រជាជាតិ (UN) បានទទួលស្គាល់ថា ប្រតិបត្តិការជម្លៀសជនស៊ីវិល បាននិងកំពុងប្រព្រឹត្តទៅនៅរោងចក្រខាងលើ ជាទីដែលជនស៉ីវិលប្រហែល១,០០០នាក់ ត្រូវគេ ជឿថា បានទៅជ្រកកោននៅទីនោះ ខណៈទីក្រុង Mariupol ស្ទើរទាំងស្រុងស្ថិតនៅក្រោម ការ គ្រប់គ្រងរបស់កងទ័ពរុស្ស៉ី។

សម្រាប់ថ្ងៃចន្ទនេះវិញ ការព្យាយាមជម្លៀសជនស៊ីវិល នៅកន្លែងផ្សេងទៀត ក្រៅពីរោងចក្រ Azovstal ក្នុងទីក្រុង Mariupol ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដូចគ្នា។ មនុស្សសរុបរហូតដល់ ១០០,០០០នាក់ ត្រូវបានជឿថា កំពុងស្ថិតនៅក្នុងទីក្រុងអ៊ុយក្រែនមួយនេះ។

ប្រតិបត្តិការជម្លៀសខ្លួននេះផងដែរ កើតមានឡើង បន្ទាប់ពីអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានទៅបំពេញទស្សនកិច្ចនៅរុស្ស៉ីនិងអ៊ុយក្រែន ដោយបានជួប ជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ហើយស្នើសុំឱ្យមានការជម្លៀសខ្លួនជនស៉ីវិល ចេញពីទីក្រុង Mariupol បន្ទាប់ពីកិច្ចប្រឹងប្រែងកន្លងមក បានទទួលបរាជ័យ៕