ឯកឧត្តម សាយ សំអាល់ លើកឡើងថា ក្នុងនាមជាមន្ត្រីរាជការ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៅ តាមរបត់ និងការវិវត្តរីកចម្រើនរបស់សង្គមជាតិ


 (ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមប្រែក្លាយខ្លួន ពង្រឹងសមត្ថភាពបន្ថែម ទៅតាមរបត់ និងការវិវត្តរីកចម្រើនរបស់សង្គមជាតិ។

ការលើកឡើងបែបនេះ របស់ឯកឧត្តម សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស ដែលជាមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៃស្រុកស្ទឹងហាវ។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ត្រូវចូលរួមឱ្យបានសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិយើង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានកោតសរសើរ និងថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នា ចំពោះការខិតខំប្រឹងប្រែង ព្រមទាំងការលះបង់ ទាំងកម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញា ជាពិសេស នៅពេលដែលកម្ពុជា ឆ្លងកាត់គ្រាដ៏លំបាកមួយ នៃការរាតត្បាតនៃជំងឺកូវីដ១៩។

ឯកឧត្តម បានចាត់ទុកមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺជាឆ្អឹងខ្នង ក៏ដូចជាសសរទ្រូងនៃដួងព្រលឹងជាតិ។ ជាក់ស្តែង យើងឃើញថា គ្រប់កម្លាំងទាំងអស់ មិនថាមន្ត្រីសុខាភិបាល មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កងជីវពល ប្រជាជន សប្បុរសជន បានចូលគ្នាយ៉ាងសស្រោកសស្រាំ ក្នុងការជម្នះនៃការរីករាលដាលនៃជំងឺកូវីដ១៩ គឺទាំងអស់គ្នាចូលរួម ដោយរួមសុខរួមទុក្ខដោះស្រាយបញ្ហាជាមួយគ្នា។

គួររម្លឹកឱ្យដឹងថា ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ នៃស្រុកស្ទឹងហាវ ក៏មានការអញ្ជើញចូលរួមពីលោក សៅ សុភាព ជាប្រធានគណបក្សចុះមូលដ្ឋានស្រុកស្ទឹងហាវ ព្រមទាំងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ចុះមូលដ្ឋានស្រុកស្ទឹងហាវជាច្រើនរូបទៀត៕