មនុស្សច្រើនជាង ១លាននាក់ ត្រូវបានជម្លៀសពីអ៊ុយក្រែនទៅកាន់រុស្ស៉ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក


 (មូស្គូ)៖  យោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះថា មនុស្សជាង ១លាននាក់ត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។

មនុស្ស ១.០២លាននាក់ រួមមានជនបរទេសចំនួន ១២០,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ផ្ដាច់ខ្លួននៃប្រទេសអ៊ុយក្រែន ដែលគាំទ្រដោយរុស្ស៉ី ដែលគេស្គាល់ថា សាធារណរដ្ឋប្រជាមានិត ដូណេត (Donetsk) និង លូហាន់ (Luhansk) ដែលរុស្ស៉ីទទួលស្គាល់ថា ជារដ្ឋឯករាជ្យ មុនពេលចាប់ផ្តើមការឈ្លានពានរបស់ខ្លួន។

លោក Lavrov បានគូសបញ្ជាក់នៅក្នុងការអត្ថាធិប្បាយទៅកាន់ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ ក្រសួងការបរទេសរុស្ស៉ីថា មនុស្សចំនួន ២.៨លាននាក់បន្ថែមទៀតនៅក្នុងប្រទេសអ៊ុយក្រែន បាននិងកំពុងស្នើសុំឱ្យធ្វើការជម្លៀសទៅកាន់ប្រទេសរុស្ស៉ី។ ប៉ុន្តែអ៊ុយក្រែនបាននិយាយថា រុស្ស៉ីបាននិរទេសមនុស្សរាប់ពាន់នាក់ទៅកាន់ប្រទេសរបស់ខ្លួនដោយការបង្ខិតបង្ខំ។

ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែង ដើម្បីជម្លៀសជនស៊ីវិលចេញពីតំបន់ជួរមុខមួយចំនួន រួមទាំងទីក្រុងកំពង់ផែម៉ារីយូប៉ូល (Mariupol) ភាគខាងត្បូង ដែលត្រូវបានឡោមព័ទ្ធនោះ ត្រូវបានបរាជ័យម្តងហើយម្តងទៀត ដោយភាគីនីមួយៗបានបន្ទោសគ្នាទៅវិញទៅមក៕