(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ បានប្រកាសអនុញ្ញាតឲ្យរោងភាពយន្ត និងកន្លែងប្រកួតបាល់ទាត់ អាចឲ្យអ្នកចូល ទស្សនា ១០០ភាគរយ។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២១-២០២២ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញ លោកជំទាវ ភឿង សកុណា បាន ធ្វើលិខិតស្នើខ្ញុំ សូមឲ្យរោងភាពយន្ដនីមួយៗ ទទួលមនុស្សពេញ១០០ភាគរយ ឯកភាពធ្វើទៅ ប៉ុន្ដែ ក្នុងករណីរកឃើញថា ស្ថានភាពមិនល្អ យើងក៏ចល័តភ្លាមៗ […] ឯកឧត្ដម សៅ សុខា ក៏បានផ្ញើមក ខ្ញុំអំពីបាល់ទាត់ ថាសូមឲ្យអ្នកចូលទស្សនា១០០ភាគរយ ឯកភាពធ្វើទៅ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើយើងមិនហ៊ានលោតទឹក ធ្វើម្ដេចចេះហែលទឹក បើយើងមិនហ៊ានពាក់ម៉ាស ធ្វើម្ដេចយើងដឹងថា វ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាព អាចទប់ស្ដាត់ ជំនួសម៉ាកបានឬអត់។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្ដទទួលយកវ៉ាក់សាំងដូសជំរុញ ជាពិសេសដូសទី៣ ដែលសល់ជាង៦លាន៧សែននាក់ទៀត ដែលមិនទាន់ទទួលយកដូសទី៣ ហើយដូសទី៤ ក៏ត្រូវតែបន្ដផងដែរ៕