លោក ពូទីន ព្រមានប្រើកម្លាំងយោធាលឿនដូចផ្លេកបន្ទោរ បើ NATO ធ្វើអន្តរាគមន៍នៅអ៊ុយក្រែន


 (មូស្គូ)៖  តាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ ២០២២ បានបញ្ជាក់អោយដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានជាថ្មីថា ប្រទេសទាំងឡាយណា ជាពិសេសគឺ NATO ដែលហ៊ានធ្វើអន្តរាគមន៍នៅក្នុង សង្រ្គាមអ៊ុយក្រែន នឹងត្រូវប្រឈមមុខនឹងការឆ្លើយតបដោយយោធា «លឿនដូចផ្លេកបន្ទោរ» ពីសំណាក់ទីក្រុងមូស្គូ។

ការព្រមានខាងលើរបស់លោក ពូទីន ធ្វើឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់សមាជិកសភារុស្ស៉ី ក្នុងទីក្រុងសាំង ភីតធើស្បឺគ (St Petersburg) នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីយោធារុស្ស៉ី អះអាងថាបានប្រើមីស៊ីលវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ុយក្រែន ដោយបានកម្ទេចឃ្លាំងស្ដុក អាវុធដែលលោកខាងលិចបញ្ជូនឱ្យទីក្រុងកៀវ។ ដោយចង់សំដៅលើមីស៊ីលបាលិស្ទីគ និងអាវុធ នុយក្លេអ៊ែរ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «យើងមិនមែននិយាយអួតពីវានោះទេ។ យើងនឹងប្រើពួកវា ប្រសិនបើចាំបាច់ ហើយខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងពីរឿងនេះ ខណៈយើងបានសម្រេច ចិត្ត រួចរាល់ហើយលើបញ្ហានេះ»