(ភ្នំពេញ)៖ តាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ម្សិល មិញនេះ បានអោយដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីគោលនយោបាយ និង ទិសដៅនៃវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា បច្ចេកវិទ្យាឌីជីថល ជាផ្នែកមួយដ៏សំខាន់ នៃជីវិតរស់នៅប្រចាំថ្ងៃ និងផ្ដល់នូវកាលានុវត្តភាពសម្រាប់ ការបង្កើតនូវធុរកិច្ចថ្មីៗដែលមានសក្ដានុ ពល និង នវានុវត្តន៍។
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការទាញយកឧត្ដមប្រយោជន៍ ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថលក្នុងការកសាងសេដ្ឋកិច្ចឌីជីថល ដែលនឹងក្លាយជាសសរស្ដម្ភដ៏ សំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា។
ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩, បច្ចេកវិទ្យាឌីជីថលបានចូលរួមចំណែកកាន់តែខ្លាំងក្នុងការរក្សា ស្ថិរភាព និង សកម្មភាពសេដ្ឋកិច្ច, ការជំរុញពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើតឱកាសការងារក៏ដូច ជាអាជីវកម្មថ្មីៗដែលមានសក្ដានុពល។ ក្នុងន័យនេះ, ឌីជីថលូបនីយកម្មបានក្លាយជានិន្នាការ និង ជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
កាលពីខែ ឧសភា ឆ្នាំ ២០២១, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «ក្របខណ្ឌគោលនយោ បាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដោយចាត់ទុកសេដ្ឋកិច្ចឌីជីថល ជា ចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និង ជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាពសេដ្ឋកិច្ចនៅក្នុង វិស័យផ្សេងទៀត។ បច្ចេកវិទ្យាហិរញ្ញវត្ថុដែលជាទូទៅត្រូវបានគេហៅថា FinTech គឺជាមូលដ្ឋាន ដ៏ចាំបាច់មួយផងដែរ ក្នុងនិម្មាបនកម្មសេដ្ឋកិច្ចឌីជីថល។
យ៉ាងណាមិញ,វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបាននិងកំពុងប្រឈមមុខជាមួយបញ្ហាមួយចំនួន រួមមាន៖ កង្វះខាត និង ភាពមិនច្បាស់លាស់ ក្នុងក្របខណ្ឌបទប្បញ្ញត្តិ, កង្វះខាតការ គាំទ្រដល់ការអនុវត្តឌីជីថល, កង្វះខាតធនធានមនុស្ស និង កង្វះខាតនូវនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញ វត្ថុក្នុងវិស័យដទៃទៀត ក្រៅពីវិស័យធនាគារ។
ដើម្បីកសាងវិធានគោលនយោបាយរួមក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, គណៈ-កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី «គោលនយោបាយ និង ទិសដៅនៃវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា» រយៈពេលមួយថ្ងៃកន្លះ នាថ្ងៃទី២៦ និង២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)។
សិក្ខាសាលានេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ សេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ហើយក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង, តំណាងក្រសួង-ស្ថាប័ន, ស្ថានទូត, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ និងមិនមែនធនាគារ, សមាគម, ក្រុម ហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ, ធុរជន និង នវានុវត្តជន។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី «គោលនយោបាយ និង ទិសដៅនៃវិស័យបច្ចេកវិទ្យាហិ រញ្ញវត្ថុកម្ពុជា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ (១) ប្រមូលធាតុ ចូលពីដៃគូពាក់ព័ន្ធសម្រាប់ការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, (២) លើកកម្ពស់ការយល់ដឹងអំពីការវិវត្តវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និង បញ្ហាប្រឈមក្នុងប្រទេសកម្ពុជា, និង (៣) ចែករំលែកគំនិត និង ទស្សនវិស័យរបស់អ្នកជំនាញ ដែលមានគោលដៅក្នុងការជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន និង ទទួលបានលទ្ធផលដូចការរំពឹងទុក ដោយមាន អន្តរសកម្ម និង ការពិភាក្សាគ្នាយ៉ាងផុសផុលរវាងវាគ្មិន និង អ្នកចូលរួម ប្រកបដោយស្មារតីចែក-រំលែក និងយកចិត្តទុកដាក់ខ្ពស់។
តាមរយៈសិក្ខាសាលានេះ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ទទួលបាននូវធាតុចូល ល្អៗជាច្រើនពីអ្នកចូលរួមដែលជាអ្នកជំនាញ និង មានបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាបានយល់ដឹងកាន់តែស៊ីជម្រៅពីឧត្ដមានុវត្តន៍, ក្របខណ្ឌបទប្បញ្ញត្តិ, បញ្ហាប្រឈម និងការ វិវត្តចុងក្រោយនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្ដាប្រទេសដែលជា សមាជិកអាស៊ាន រួមមានប្រទេសសិង្ហបុរី, ថៃ, ឥណ្ឌូនេស៊ី និង ហ្វីលីពីន ផងដែរ៕