រាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ បន្តជំរុញកិច្ចសហប្រតិបត្តិការការងារ លើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌វប្បធម៌ អប់រំ


 (ភ្នំពេញ)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា, ប្រធានគណៈកម្មាធិការ គណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ ម្សិលមិញនេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋធានីហា ណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឌិញ ទៀនហ្ស៊ង DINH TIEN DUNG សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខា គណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ខណៈដែលប្រតិភូនេះ បានអញ្ជើញមកបំពេញ ទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំពិភាគ្សាការងារនៅពេលនេះ គឺមានគោលបំណង ដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការ ការងារ រវាងទីក្រុងទាំងពីរ ដែលបានចងសម្ព័ន្ធមេត្រីភាព នៃទីក្រុងទាំង២ រយៈពេល១៨ឆ្នាំ កន្លង មក ដែលមានគ្រប់វិស័យ ពិសេសការវិនិយោគពាណិជ្ជកម្មទេសចរណ៍ វប្បធម៌វប្បធម៌ អប់រំជា ដើម។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលកំពុង តែមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី ដោយលោកបញ្ជាក់ថា នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន១០៥ មានប្រជាពលរដ្ឋ រស់នៅប្រមាណ៣លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋរស់នៅ អចិន្ត្រៃយ៍ចំនួន២,២លាននាក់។

ឯកឧត្តម បញ្ជាក់ថា រាជធានីភ្នំពេញគិតមកដល់ពេលនេះ មានអគារខ្ពស់ៗជាច្រើនអគារ ដែលក្នុង នោះ រួមមានអគារចាប់ពី៥ជាន់ដល់៩ជាន់មានចំនួន៧២៦អគារ កំពស់ចាប់ពី១០ជាន់ដល់១៩ ជាន់មានចំនួន៤៥២អគារ, ចាប់ពី២០ជាន់ ដល់២៩ជាន់មាន ចំនួន១២០អគារ, ចាប់ពី៣០ ដល់ ៣៩មានចំនួន៦៥អគារ និងចាប់ពី៤០ជាន់ឡើងទៅមានចំនួន៤០អគារ។

ឯកឧត្តម ឃួង ស្រេង បានបន្តថា សូមរក្សាសន្តិភាពឲ្យបានគង់រង្ស ដើម្បីជំរុញសេដ្ឋកិច្ច និងបន្ត ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

ចំណែកលោក DINH TIEN DUNG ក្នុងឱកាសនោះ ក៏បានលើកឡើងដែរថា សម្រាប់លោកពិតជា អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការស្វាគមន៍​យ៉ាងកក់ក្តៅពីសំណាក់ គណៈអភិបាល និងក្រុម ប្រឹក្សារាជធានីភ្នំពេញចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលបានដឹកនាំដោយលោកផ្ទាល់។ លោកបន្តថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានី ហាណូយ មកពេលនេះ គឺស្របពេលដែលវៀតណាម និងកម្ពុជា គម្រប់ខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនង់ការទូតជាមួយគ្នា និងស្របពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់។លោកបន្តថា ការស្វាគមន៍យ៉ាងកក់ក្តៅរបស់គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គម និយមវៀតណាមនាពេលនេះ គឺពិតជាបង្ហាញឲ្យឃើញពីចំណងមិត្តភាព ដ៏យូអង្វែងរបស់កម្ពុជា និងរៀតណាម ដែលជាអ្នកជិត ខាងដ៏ល្អ៕