មូលនិធិ IMF ព្រមានពីហានិភ័យនៃភាពនៅទ្រឹងនៃសេដ្ឋកិច្ច និងកំណើនអតិផរណា និងទម្លាក់ ការព្យាករកំណើនសេដ្ឋកិច្ចអាស៊ី


(វ៉ាស៊ីនតោន)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺមន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមាននៅថ្ងៃអង្គារនេះថា តំបន់អាស៊ីប្រឈមនឹងចក្ខុវិស័យភាពនៅទ្រឹងនៃសេដ្ឋកិច្ច និងកំណើនអតិផរណា (stagflationary) ដោយលើកឡើងពីសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើង តម្លៃទំនិញ និងការថមថយសេដ្ឋកិច្ចក្នុង ប្រទេសចិន ដែលបង្កើតឱ្យមានភាពមិនច្បាស់លាស់ខ្លាំង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Anne-Marie Gulde-Wolf នាយកស្តីទីនៃនាយកដ្ឋានតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF ថា បើទោះជាការ ប្រឈមផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់តំបន់អាស៊ីទៅនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅ មានកម្រិតក្តី ក៏សេដ្ឋកិច្ចរបស់តំបន់នេះនឹងរងផលប៉ះពាល់ដោយសារវិបត្តិនេះ តាមរយៈការកើន ឡើងតម្លៃទំនិញ និងកំណើនកាន់តែយឺតយ៉ាងនៅក្នុងប្រទេសជាដៃគូពាណិជ្ជកម្មនៅអឺរ៉ុប។

ជាងនេះទៅទៀត លោកស្រីបានកត់សម្គាល់ថា អតិផរណានៅអាស៊ីក៏ចាប់ផ្តើមកើនឡើងផងដែរ នៅពេលដែលការការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបន្ថែមសម្ពាធលើកំណើនសេដ្ឋកិច្ចក្នុងតំបន់។

លោកស្រី Gulde-Wolf បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតនៅទីក្រុងវ៉ាស៊ីនតោនថា៖ «ដូច្នេះហើយ តំបន់នេះប្រឈមមុខនឹងទស្សនវិស័យភាពនៅទ្រឹងនៃសេដ្ឋកិច្ចនិងកំណើនអតិផរណា ដោយមានកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុកកន្លងមក ហើយកំណើនអតិផរណាខ្ពស់ជាងមុន»។

លោកស្រី Gulde-Wolf បានឱ្យដឹងទៀតថា បញ្ហាដែលកើតចំពោះកំណើនសេដ្ឋកិច្ចនេះកើតឡើង ក្នុងពេលមួយដែលលំហរគោនយោបាយក្នុងការឆ្លើយតបនៅមានកម្រិត។ លោកស្រីបន្ថែមថា អ្នកបង្កើតគោលនយោបាយនៅតំបន់អាស៊ីនឹងប្រឈមមុខនឹងការថ្លឹងថ្លែងដ៏លំបាកមួយក្នុងការឆ្លើយតបទៅនឹងការថមថយកំណើនសេដ្ឋកិច្ច និងកំណើនអតិផរណា។

លោកស្រីបន្តថា៖ «ការរឹតបន្តឹងរូបិយវត្ថុនឹងត្រូវការជាចាំបាច់នៅក្នុងប្រទេសភាគច្រើន ដោយ ល្បឿននៃការរឹតបន្តឹងនេះអាស្រ័យលើការអភិវឌ្ឍអតិផរណាក្នុងស្រុក និងសម្ពាធពីខាងក្រៅ»។

លោកស្រី Gulde-Wolf ថ្លែងទៀតថា ការដំឡើងអត្រាការប្រាក់ជាលំដាប់របស់ធនាគារកណ្តាល អាមេរិកដែលរំពឹងថានឹងកើតមានក៏បង្ហាញពីបញ្ហាប្រឈមចំពោះអ្នកបង្កើតគោលនយោបាយនៅអាស៊ីផងដែរ ដោយសារបំណុលជាប្រាក់ដុល្លារមានដ៏ច្រើននៅក្នុងតំបន់នេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងទៀតថា នៅក្នុងការព្យាករចុងក្រោយបំផុតរបស់ខ្លួនដែលបាន ចេញផ្សាយក្នុងខែនេះ មូលនិធិ IMF បានឱ្យ ដឹងថា ខ្លួនរំពឹងថា សេដ្ឋកិច្ចរបស់អាស៊ីនឹងកើនឡើង ៤,៩% នៅឆ្នាំនេះ ដែលធ្លាក់ចុះ ០,៥% ពីការព្យាករកាលពីខែមករា។ អតិផរណានៅតំបន់អាស៊ី ឥឡូវត្រូវបានព្យាករថានឹងឡើងដល់ ៣,៤% ក្នុងឆ្នាំ២០២២ ដែលខ្បស់ជាងកាលព្យាករកាលពី ខែមករាចំនួន ១ពិន្ទុភាគរយ៕