សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនចេញឃោសនារកសំឡេងឆ្នោត និងអំពាវនាវឱ្យបង្កបរិយាកាស ល្អ សម្រាប់ការបោះឆ្នោត


ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសមិនចេញមុខឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះឡើយព្រមទាំងអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នាបង្កបរិយាកាសល្អសម្រាប់ដំណើរការឃោសនារកសំឡេងឆ្នោត និងការបោះឆ្នោត ដោយបញ្ចៀសឱ្យបាននូវអំពើហិង្សាទាំងឡាយ។

ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ហើយយុទ្ធ នាការឃោសនារកសំឡេងឆ្នោតសម្រាប់គណបក្សនយោបាយនានា នឹងធ្វើឡើងនៅថ្ងៃទី២១ ខែ ឧសភា ដែលមានរយៈពេល១៤ថ្ងៃ។ យុទ្ធនាការឃោសនារកសំឡេងឆ្នោត ជាពេលវេលាដ៏សំខាន់ មួយសម្រាប់គណបក្សនយោបាយដែលបានចុះបញ្ជីចូលរួមបោះឆ្នោត ធ្វើយុទ្ធនាការស្វែងរកសំ ឡេងគាំទ្រពីប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេង ឆ្នោតនោះ សម្តេចនឹងអញ្ជើញទៅក្រុងដាវ៉ូស ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភព លោក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមិនចេញឃោសនាសម្រាប់មេឃុំណាមួយ នោះទេ ទុកឱ្យមេឃុំនោះនាំគ្នាធ្វើទៅ»

ក្រៅតែពីការប្រកាសមិនចេញមុខធ្វើយុទ្ធការឃោសនាស្វែងរកសំឡេងឆ្នោតហើយនោះ សម្តេចតេ ជោប្រមុខគណបក្សនយោបាយធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាល ក៏បានប្រកាសអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ប្រឹងប្រែងបង្កបរិយាកាសល្អសម្រាប់ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតដោយផ្តល់ឱកាសដូចគ្នាសម្រាប់គណបក្សនយោបាយទាំងអស់ទៅតាមច្បាប់ដែលបានចែង និងប្រឹងប្រែងបញ្ចៀសនូវអំពើហិង្សានានា។

សម្តេចតេជោបានអំពាវនាវយ៉ាងដូច្នេះ «បរិយាកាសនយោបាយអព្យាក្រឹតពិតជាចាំបាច់នៅក្នុងដំណាក់កាលនៃការធ្វើសកម្មភាពឃោសនាបោះឆ្នោត ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែបង្កល ក្ខណៈ សម្បត្តិឱ្យបណ្តាគណបក្សនយោបាយទាំងអស់មានសិទ្ធិដូចៗគ្នា»

សម្តេចតេជោ បានសង្កត់ធ្ងន់ថា «បក្សកាន់អំណាច និងបក្សមិនកាន់អំណាចមានសិទ្ធិដូចគ្នា។ អាហ្នឹងហើយ គេហៅថា អព្យាក្រឹតភាពនៃរដ្ឋបាលស៊ីវិល នៅក្នុងដំណាក់កាលនៃការបោះឆ្នោត។ ធ្វើម៉េចឱ្យមានបរិយាកាសស្ងប់ស្ងាត់នៃការបោះឆ្នោត ដែលជាការប្រកួតប្រជែងមួយសម្រាប់ការគ្រប់ គ្រងបន្តនៅឯមូលដ្ឋាន»

សម្តេចតេជោប្រមុខគណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវផងដែរ ឱ្យអាជ្ញាធរពាក់ព័ន្ធប្រឹងប្រែង បង្កបរិយាកាសល្អ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយសេរី និងយុត្តិធម៌ទៅតាមច្បាប់ស្តីពីការបោះឆ្នោត។ សម្តេចតេជោ បានអំពាវនាវ ដូច្នេះ «អំពាវនាវឱ្យគ្រប់ទីកន្លែងទាំងអស់រក្សានូវកិច្ចខិតខំ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមបោះឆ្នោត និងជ្រើសរើសដោយសេរី ស្រឡាញ់បេក្ខជនណា បោះឆ្នោតឱ្យបេក្ខជននោះទៅ»

បើទោះបីមិនចេញមុខឃោសនារកសំឡេងឆ្នោត តែសម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតនឹងមានការវិនិច្ឆ័យមួយដ៏ត្រឹមត្រូវទៅលើគុណតម្លៃ និងគុណសម្បត្តិរបស់គណបក្ស នយោបាយ ដែលខ្លួនបានបោះឆ្នោតជូននោះ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «បងប្អូនប្រជាពលរដ្ឋអាចនឹងយល់បានហើយអ្វីទៅដែលគួរធ្វើ អ្វីទៅដែលមិនគួរធ្វើ? ពេលដែលគណបក្សប្រជាជននៅគ្រប់គ្រងអំណាចបងប្អូនទាំងអស់យល់ ឃើញយ៉ាងម៉េច? រស់នៅបានយ៉ាងម៉េច? និយាយតាមមួយបែបខ្លីថា បើសិនជាគណបក្សប្រជាជន ឈ្នះ ដឹកនាំប្រទេស នរណាក៏នៅជាមួយបានដែរ»

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងធ្វើឡើងនៅ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងនេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១៧ គណបក្ស។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឱ្យដឹងថា ក្រុម ប្រឹក្សាឃុំ-សង្កាត់ ដែលនឹងត្រូវបោះឆ្នោតជ្រើសមានចំនួនសរុប ១១,៦២២នាក់ លើឃុំ-សង្កាត់ ទូទាំងប្រទេស ១,៦៥២៕