(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ បញ្ជាក់ថា ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូជុង (Kim Yo Jong) បាននិយាយថាកូរ៉េខាងជើងប្រឆាំងជាដាច់ខាត នឹងសង្រ្គាម ប៉ុន្តែប្រសិនបើកូរ៉េខាងត្បូង ជ្រើសរើសយកការប្រឈមមុខយោធា ឬក៏បើកការវាយប្រហារណាមួយ នោះកងកម្លាំងនុយក្លេអ៊ែរ កូរ៉េខាងជើង នឹងបើកការវាយប្រហារឆ្លើយតបវិញភ្លាមៗ។
ការព្រមានខាងលើរបស់អ្នកនាង គីម យូជុង ធ្វើឡើងតាមរយៈការដកស្រង់សម្ដីដោយប្រព ន្ធផ្សព្វ ផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះជាមួយ ការសង្កត់ធ្ងន់ថារដ្ឋមន្ត្រីការពារជាតិកូរ៉េខាង ត្បូងបានបង្កកំហុសមួយដ៏ធំ នោះគឺការអត្ថាធិប្បាយថ្មីៗនេះពីការវាយប្រហារលើកូរ៉េខាងជើង។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ូស វ៉ុក (Suh Wook) កាលពីថ្ងៃសុក្រសប្ដាហ៍មុនបាន លើកឡើងថាយោធានៃប្រទេសរបស់លោកមាន សមត្ថភាពវាយប្រហារលើគោលដៅនានានៅក្នុង ប្រទេសកូរ៉េខាងជើង។
ការអត្ថាធិប្បាយបែបនេះបានឱ្យកូរ៉េខាងជើងក្ដៅស្លឹកត្រចៀក រហូតដល់ប្អូនលោក គីម ជុងអ៊ុន ចេញមុខព្រមានប្រើអាវុធនុយក្លេអ៊ែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយ KCNA អ្នក នាង គីម យូជុង បានកត់សម្គាល់ថាកូរ៉េខាងជើងប្រឆាំងនឹងសង្រ្គាមដែលនឹងបង្កការបំផ្លិចបំផ្លាញ ដល់ឧបទ្វីបកូរ៉េ ហើយក៏មិនបានចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បងនោះដែរ។ ប៉ុន្តែ ប្រសិនបើកូរ៉េ ខាងត្បូងបើកការវាយប្រហារណាមួយលើ ឬហ៊ាន បំពានចូលទឹកដីកូរ៉េខាងជើងសូម្បីតែមួយចំអាម នោះកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើងនឹងបំពេញកាតព្វកិច្ចរបស់ពួកគេភ្លាម៕