មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ច្រានចោលការចោទប្រកាន់លើ​មន្ត្រី​ចល័តចុះ​ចាប់​ឡានដឹកលើ សទម្ងន់នៅខេត្តតាកែវ


 (តាកែវ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានច្រានចោលការចោទប្រកាន់ពី សំណាក់ឈ្មួញមួយចំនួនថាក្រុមមន្ត្រីចល័តរបស់ខ្លួនចុះចាប់ឡានដឹកលើសទម្ងន់ដោយអនុវត្តន៍ច្បាប់មិនស្មើរភាព ហើយមានការពាក់ព័ន្ធនឹងលុយថ្លៃបាយជាដើម ដោយថានេះជាចោទប្រកាន់ខុស ការពិត។ ប៉ុន្តែស្នើឱ្យក្រុមឈ្មួញទាំងអស់ ត្រូវគោរពច្បាប់ផ្លូវថ្នល់ឱ្យបានជាដាច់ខាត ចៀសវាងមន្ត្រី ចាប់ផាកពិន័យបើសិនរកឃើញថាដឹកលើសទម្ងន់កំណត់ដោយច្បាប់។

គួរជម្រាបថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ក្រុមមន្រ្តីជញ្ជីងចល័ត ដែលដឹកនាំដោយលោក គីម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយមន្រ្តីមន្ទីរ សាធារណការខេត្តតាកែវ ចុះពិតនិត្យរថយន្តដឹកស្រូវចំនួន៣១គ្រឿង នៅតាមបណ្ដោយផ្លូវជាតិ លេខ២ ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ។ ក្នុងនោះរថយន្តចំនួន ២៦គ្រឿង ផ្ទុកលើសទម្ងន់ ក្នុងកម្រិតអនុគ្រោះ ដោយបានអនុញ្ញាតឱ្យបន្តដំណើរទៅមុខដោយឡែករថយន្តចំនួន ៥គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ១៣តោន ទៅដល់១៩តោន ក្នុងនោះចំនួន៤គ្រឿង ត្រូវឃាត់ ទុកចំនួន១ឆ្នាំ ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

បន្ថែមលើសពីនេះទៀតក្រុមការងារក៏បានអប់រំណែនាំដល់ម្ចាស់រថយន្តដែលបានដឹកលើសទម្ងន់ឱ្យយល់ដឹងអំពីនីតិវិធីនៃការផាកពិន័យលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលមានចែង ក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និងសំណូមពរដល់ម្ចាស់រថយន្តទាំងអស់បញ្ឈប់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់នេះបន្តទៀត ព្រោះការដឹកលើសទម្ងន់ជាមហន្តរាយដល់ផ្លូវថ្នល់ និងគ្រោះ ថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះលោក គឹម សាន់ ក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឱ្យយល់ពីច្បាប់ នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឱ្យដឹកជញ្ជូនលើសទម្ងន់ បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

បើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកាលពីពេលថ្មីៗនេះថា ក្រុមការងារនឹងចាត់ ការតាមនីតិវិធីដោយគ្មានយោគយល់ខ្សែរនរណាឡើយ បើសិនរកឃើញថា រថយន្តដឹកទាំងឡាយ ណាហ៊ានដឹកលើសទម្ងន់។ សកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេស ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឱ្យស្របតាមច្បាប់ ការពារមិនឱ្យមានជនខិលខូចបំផ្លិចបំផ្លាញផ្លូវតាមអំពើចិត្តឡើយ។

ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរំលឹក និងអំពាវនាវដល់សមាគម ដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្ត ធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មកិនថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៌ដី ឬប្រតិបត្តិករ ដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានាឱ្យបានម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ទាំងអស់គ្នា។ ទន្ទឹមនឹងនេះ ក្រសួងនឹងនៅបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ។

គួរជម្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់ទុករថយន្តដឹកលើសទម្ងន់កំណត់ ដោយច្បាប់បានចំនួន១៤៧ គ្រឿងហើយគិតមកដល់ថ្ងៃនេះ ក្រោយសម្ដេចតេជោ បានប្រកាស ឱ្យមានការដោះលែងរថយន្តទាំងអស់កាលមុននោះ៕