(ញូយ៉ក)៖ តាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា នៅទីបំផុតក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) បាន រៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃអង្គារនេះ ជុំវិញភាពតានតឹងនៅអ៊ុយក្រែន ក្រោយប្រទេសរុស្ស៊ី បានប្រកាសទទួលស្គាល់ តំបន់ផ្តាច់ខ្លួនចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ជារដ្ឋឯករាជ្យ ព្រមទាំងបានបញ្ជាឲ្យកងទ័ពរុស្ស៊ី ចូលទៅ បំពេញប្រតិបត្តិការរក្សាសន្តិភាព នៅក្នុងតំបន់ទាំងនោះផងដែរ។
កិច្ចប្រជុំខាងលើនេះត្រូវបានស្នើសុំ ដោយភាគីអ៊ុយក្រែនផ្ទាល់តែម្តង និងក្រុមប្រទេសសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក ក្រោយពីទីក្រុងម៉ូស្គូបានប្រកាសទទួលស្គាល់ តំបន់ Luhansk ជា «សាធារណរដ្ឋ ប្រជាជនលូហានក៍» និងតំបន់ Donetsk ជា «សាធារណរដ្ឋប្រជាជនដូណេតក៍» ហើយចាប់ពីថ្ងៃចន្ទ សប្តាហ៍នេះ (ម៉ោងនៅទីក្រុងម៉ូស្គូ) តំបន់ទាំងពីរនេះនឹងត្រូវបានរុស្ស៊ីចាត់ទុកថា ជារដ្ឋឯករាជ្យ ដោយមិនចំណុះឲ្យអ៊ុយក្រែនទៀតនោះឡើយ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ ប្រទេសចិនដែលជាសមាជិកអចិន្ត្រៃយ៍ ១ ក្នុង ចំណោម ៥ នៃក្រុមប្រឹក្សាសន្តិសុខ UN ឬដែលគេស្គាល់ P5 នោះ បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ បើកកិច្ចសន្ទនាបន្តទៅមុខទៀត ជុំវិញវិបត្តិនៅអ៊ុយក្រែ។ លោក ចាង ជុន (Zhang Jun) តំណាង អចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅ UN បានលើកឡើង នៅក្នុងកិច្ចប្រជុំបន្ទាន់នាថ្ងៃអង្គារនេះ ថា «ចិនជំរុញឲ្យគ្រប់ភាគីទាំងអស់ រក្សាការអត់ធ្មត់ និងចៀសវាងធ្វើសកម្មភាពទាំងឡាយណា ដែលអាចបង្កើននូវភាពតានតឹង»៕