រដ្ឋមន្ត្រីអេមីរ៉ាតអារ៉ាប់រួមថា ក្រុមប្រទេស OPEC+ តែម្នាក់ឯងមិនអាចដោះស្រាយបញ្ហាផ្គត់ផ្គង់ ប្រេងពិភពលោកបានទេ


 (អាប៊ុយដាប៊ី)៖  យោងតាមទីភ្នាក់ងារព័ត៌មាន Bloombergបានអោយដឹងថា រដ្ឋមន្ត្រីក្រសួងថា មពលរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានឱ្យដឹងថា អង្គការ ប្រទេសនាំចេញប្រេង និងប្រទេសសម្ព័ន្ធ មិត្តរបស់ខ្លួន ដែលហៅកាត់ថា OPEC+ កំពុងបង្កើនការ ផលិតប្រេង ប៉ុន្តែមិនអាចដោះស្រាយ បញ្ហាទាំងអស់របស់វិស័យនេះតែម្នាក់ឯងបានទេ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយស្រង់កាសែត WAM របស់ប្រទេសអេមីរ៉ាត អារ៉ាប់រួមថា លោក Suhail Al-Mazrouei រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសអេមីរ៉ាតអារ៉ាប់ រួមបានថ្លែងថា ឧស្សាហកម្មប្រេងត្រូវការការវិនិយោគ តាមរយៈការធ្វើការងាររួមគ្នារបស់ក្រុមហ៊ុន ប្រេងអន្តរជាតិនានា ដើម្បីផ្តល់ការផ្គត់ផ្គង់គ្រប់គ្រាន់។

លោករដ្ឋមន្ត្រីបានព្រមានថាការខកខានមិនបានផ្តល់មូលធនគ្រប់គ្រាន់អាចនាំទៅរកការកើនឡើងតម្លៃប្រេងនាពេលអនាគត។តម្លៃប្រេងឆៅបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ឆ្នាំ គឺលើ ៨៩ដុល្លារក្នុងមួយបារ៉ែលក្នុងទីក្រុងឡុងដ៍នៅថ្ងៃពុធ ខណៈដែលតម្រូវការប្រេងក្នុងពិភពលោក ស្ទុះងើបឡើងវិញពីការរាតត្បាតជំងឺកូវីដ ហើយការផ្គត់ផ្គង់ត្រូវបានរារាំងដោយការអាក់ខានមួយ ចំនួន។ វាគឺជាបញ្ហាប្រឈមដែលកំពុងកើនឡើងសម្រាប់អ្នកប្រើប្រាស់ ខណៈដែលពួកគេប្រឈម នឹងអតិផរណា។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ទៀតថា កត្តាចូលរួមចំណែក ដ៏ធំមួយទៅនឹងកំណើនតម្លៃប្រេងគឺការខកខានរបស់ប្រទេសជាច្រើននៃសមាជិកក្រុមប្រទេស OPEC+ ក្នុងការស្តារទិន្នផលប្រេងឡើងវិញ ដែលបានផ្អាកផលិតកម្មក្នុងអំឡុងពេលមានការរាត ត្បាតជំងឺកូវីដ-១៩។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ក្រុមប្រទេស OPEC+ បាន បង្កើនផលិតកម្មប្រេងតែ៦០ភាគរយប៉ុណ្ណោះនៃកម្រិតបង្កើនដែលបានកំណត់របស់ខ្លួនកាលពីខែមុន។ ប៉ុន្តែការធ្លាក់ចុះការចំណាយក៏ជាបញ្ហាមួយផងដែរសម្រាប់ឧស្សាហកម្មពិភពលោក ដោយសារ ការធ្លាក់ចុះតម្លៃប្រេងខ្លាំងកាលពីឆ្នាំ២០២០ ហើយខណៈដែលវិនិយោគិនបង្វែរប្រាក់ចេញពីវិស័យ ផូស៊ីលឥន្ធនៈ។

លោក Mazrouei បានថ្លែងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅតែប្តេជ្ញាចិត្តចំពោះការបង្កើនទិន្នផល ប្រេងរបស់ខ្លួនដដែល ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ក្រុមប្រទេស OPEC+៕