(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ បាបប្រាប់អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមុខ ការពារវិធានការឆ្លើយតបនៃរដ្ឋបាលរបស់លោកប្រឆាំងនឹង COVID-19 ខណៈករណីឆ្លងប្រចាំថ្ងៃ នៅក្នុងសហរដ្ឋអាមេរិក កើនឡើងយ៉ាងគំហុក ហើយក្នុងនោះករណីឆ្លងមួយភាគធំបង្កឡើងមេរោគ បំប្លែងថ្មីអូមីក្រុង។
លោក ចូ បៃដិន ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងចំពេលរូបលោកផ្ទាល់កំពុងរងការរិះគន់យ៉ាងខ្លាំង ជុំវិញការដោះស្រាយ ការឆ្លងរាតត្បាត COVID-19 មិនបានល្អ។ តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូប បានបញ្ជាក់យ៉ាងខ្លីថាលោកផ្ទាល់ មានជំនឿចិត្តថាសហរដ្ឋអាមេរិកកំពុងដើរលើផ្លូវត្រូវ ក្នុងការ ប្រយុទ្ធប្រឆាំងជាមួយ COVID-19។
សូមជម្រាបថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានរាយការណ៍ពីការ រកឃើញ COVID-19 ប្រចាំថ្ងៃដល់ទៅ ១.៣៥លានករណី ដែលនេះជា តួលេខអ្នកឆ្លងប្រចាំថ្ងៃ ខ្ពស់ជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក ហើយករណីឆ្លងមួយភាគធំបង្កឡើងដោយ មេរោគបំប្លែងថ្មីអូមីក្រុង។ បើតាមមជ្ឈមណ្ឌល អាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង គិតត្រឹមថ្ងៃទី០៨ ខែមករានេះ អូមីក្រុងបានរ៉ាប់រង ៩៨.៣ភាគរយនៃករណីឆ្លង COVID-19 ថ្មីៗ ទាំងអស់នៅក្នុង សហរដ្ឋអាមេរិក៕