សហរដ្ឋអាមេរិកបានផ្អាកជើងហោះហើរមួយចំនួន ក្រោយការធ្វើតេស្ត «មីស៉ីលលឿនជាងសំឡេង» របស់កូរ៉េខាងជើង


 (វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ អោយដឹងថា ជើងហោះហើរមួយចំនួននៅតាមព្រលានយន្តហោះ ស្ថិតនៅបណ្តារដ្ឋភាគខាងលិចសហរដ្ឋអាមេរិក ត្រូវបានបង្គាប់ឲ្យផ្អាកជាបណ្តោះអាសន្ន ក្រោយពី ប្រទេសកូរ៉េខាងជើងបានធ្វើតេស្ត គ្រាប់មីស៊ីលដែលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) បានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា  «ជាការបង្កើនភាពប្រុងប្រយ័ត្ន សម្រាប់ជំហានដំបូង, FAA បានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន នូវការហោះហើរចេញពីអាកាសយានដ្ឋានមួយចំនួន ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ភាគ ខាងលិចសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងនៅវ៉ាស៊ីនតោន)»

សូមបញ្ជាក់ថា នេះគឺជាសកម្មភាពកម្របំផុតមួយ ដែលសហរដ្ឋអាមេរិក ជាប្រទេសស្ថិតនៅត្រើយ ម្ចាងនៃមហាសមុទ្រប៉ាស៊ីហ្វិក បានដាក់ចេញ ដើម្បីឆ្លើយតបនឹងសកម្មភាពកូរ៉េខាងជើង។ យ៉ាងណាក៏ដោយ ការធ្វើប្រតិបត្តិការហោះហើរឡើងវិញ បានកើតមានឡើងតែ ១៥នាទីប៉ុណ្ណោះ ក្រោយការផ្អាក។ ប្រការនេះត្រូវបានគេមើលឃើញថា អាចជាការធ្វើតេស្តសាកល្បងរបស់ FAA ក្នុងការត្រៀមខ្លួនចាត់វិធានការបន្ទាន់ នៅពេលមានហេតុការណ៍បែបនេះទៀត នៅថ្ងៃមុខ៕