(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បន្តផ្តល់ប្រាក់កម្ចីដល់កម្ពុជាប្រមាណ ១៨៥លានដុល្លារបន្ថែមទៀត ជាមួយការប្រាក់ទាប ដើម្បីគាំទ្រការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ក្នុងដំណាក់កាលទី២។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២នេះ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ថវិកាកម្ចីនេះប្រើសម្រាប់គាំទ្រសកម្មភាព នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និង ក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាប់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម។
កាលពីឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីជាង ២៣៧លានដុល្លារផងដែរ ដើម្បីឆ្លើយតប នឹងវិបត្តិជំងឺកូវីដ១៩នៅកម្ពុជានេះ។ សរុបទាំងពីរលើកជប៉ុនផ្តល់កម្ចីដល់កម្ពុជាជាង ៤២០លាន ដុល្លារ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ថវិកាជាកម្ចីរបស់ជប៉ុនកាលពីឆ្នាំ២០២០ ជាង ២៣៧លានដុល្លារនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រើប្រាស់នៅឡើយទេ។
ក្រោមចំណងទំនាក់ទំនងដ៏ជ្រាលជ្រៅជប៉ុន គឺជាប្រទេសមួយ ដែលបានរួមចំណែកយ៉ាងច្រើន ឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ ទូដាក់វ៉ាក់សាំង ព្រមទាំងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត សរុប ជាថវិកាជាង ៦០លានដុល្លារអាមេរិក។
ព្រឹត្តិការណ៍ឆ្លងរាតត្បាតជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ខ្លាំង ដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រកម្រិត១ និង២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋរងផលប៉ះ ពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩នេះប្រមាណ ២.៩លាននាក់ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ មកម្ល៉េះ។ ឯកឧត្តម ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ ធ្លាប់បានឱ្យដឹងថា ចាប់ ពីខែកក្កដា រហូតដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចំណាយថវិកាក្នុងរង្វង់ប្រមាណ ៥០០ លានដុល្លារអាមេរិក សម្រាប់ជួយដល់ពលរដ្ឋក្រីក្រកម្រិត១ និង២ ក៏ដូចជាអ្នករងផលប៉ះពាល់ធ្ងន់ ធ្ងរដោយជំងឺកូវីដ១៩។
ក្រៅតែពីជួយដល់ពលរដ្ឋក្រីក្រកម្រិត១ និងកម្រិត២ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចេញកញ្ចប់ ថវិកាជាតិ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករ កម្មការិនីក្នុងវិស័យកាត់ដេរ និងវេយណភណ្ឌ ក៏ដូចជា កម្មករ និយោជិតក្នុងវិស័យទេសចរណ៍ ទិញវ៉ាក់សាំង ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗជាច្រើន ទៀត។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាចាយ វាយថវិកាដែលសន្សំទុកអស់ប្រមាណ ២,៣០០លានដុល្លារអាមេរិក៕