លោក គីម ជុងអ៊ុន ជំរុញឲ្យបង្កើនសមត្ថភាព យោធាកូរ៉េខាងជើង ខណៈលោកចុះត្រួតពិនិត្យការ តេស្ត «មីស៊ីលលឿនជាងសំឡេង» ដោយផ្ទាល់


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ បានអោយដឹងថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញឲ្យមាន ការបង្កើនសមត្ថភាពជាយុទ្ធសាស្ត្រ នៃយោធាប្រទេសអាស៊ីបូព៌ាមួយនេះ ខណៈរូបលោកបានចុះ ទៅត្រួតពិនិត្យការធ្វើតេស្ត មីស៊ីលដែលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) ដោយផ្ទាល់។

នេះគឺជាការចុះត្រួតពិនិត្យការធ្វើតេស្តអាវុធដោយផ្ទាល់ ជាលើកដំបូងហើយពីសំណាក់លោក គីម ជុងអ៊ុន នៅក្នុងរយៈពេលជិត ២ឆ្នាំមកនេះ។ កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសកូរ៉េខាងត្បូង និង ជប៉ុន បានអះអាងពីការចាប់បាន សញ្ញានៃការធ្វើតេស្តមីស៊ីល នៅប្រទេសកូរ៉េខាងជើង ដោយវា បានកើតមានឡើង មិនដល់មួយសប្តាហ៍នោះឡើយ បន្ទាប់ពីកូរ៉េខាងជើងដដែលបានធ្វើតេស្តអាវុធ ថ្មី ដើម្បីស្វាគមន៍ឆ្នាំ២០២២ ដែលក្រោយមកត្រូវបានអះអាងថា ជាប្រភេទមីស៊ីលលឿនជាងសំ ឡេង។ ដោយឡែកការធ្វើតេស្តកាលពីថ្ងៃអង្គារនោះ ក៏ត្រូវបានទីក្រុងព្យុងយ៉ាងអះអាងថា ជាប្រភេទ មីស៊ីលលឿនជាងសំឡេងដូចគ្នា។ បន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យ ការធ្វើតេស្តលើកទី ២ នេះ លោក គីម ជុងអ៊ុន បានជំរុញឲ្យក្រុមអ្នកវិទ្យាសាស្ត្រ នៃយោធាកូរ៉េខាងជើង ពន្លឿនកិច្ចខិតខំប្រឹង ប្រែងបន្ថែមទៀត ដើម្បីពង្រឹងសាច់ដុំយោធារបស់ខ្លួន ទាំងទៅលើគុណភាព និងបរិមាណ ក៏ដូច ជាការធ្វើទំនើបកម្មផងដែរ៕