គ.ជ.ប អនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២


 (ភ្នំពេញ)៖  តាមសេចក្តីប្រកាសព័ត៌មានដែលទទួលបាននៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ នេះ ប្រាប់អោយដឹងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញសេចក្តីប្រកាស ព័ត៌មាន ពីការអនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២។  ការអនុម័តនេះ បានធ្វើឡើងបន្ទាប់ពីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបើកកិច្ច ប្រជុំ ដើម្បីពិនិត្យ និងសម្រេចជុំវិញការផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលភាគីពាក់ព័ន្ធបាន ផ្ដល់ត្រឡប់មក គ.ជ.ប វិញ នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។

សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីដែលមានចំនួន ១៤ជំពូក និង ១៨៧ ប្រការ ព្រមទាំងមាន ៩ ឧបសម្ព័ន្ធ ត្រូវបាន គ.ជ.ប បញ្ជូនទៅឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីសុំផ្ដល់យោបល់ រួមមាន ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ចំនួន៩ គណបក្សនយោបាយចំនួន ២៦សមាគម និងអង្គ ការមិនមែនរដ្ឋាភិបាល ចំនួន២៨។

បន្ទាប់ពីបានពិនិត្យនិងពិភាក្សាលើអនុសាសន៍របស់ភាគីពាក់ព័ន្ធដែលមានគណបក្សនយោបាយចំនួន៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សហ៊្វុនស៊ិនប៉ិច អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ រួចមក គ.ជ.ប បាន សម្រេចអនុម័តកែសម្រួលនូវចំណុចមួយចំនួន។ ចំណុចដែលមានការចាប់អារម្មណ៍របស់ភាគីពាក់ព័ន្ធនោះ គឺការបំពេញ និងប្រើប្រាស់កំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២)។ ទាក់ទងនឹងចំណុចនេះ គ.ជ.ប បានចេញសេចក្ដី បំភ្លឺរួចហើយ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០១ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

គ.ជ.ប សូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ដែលបានចូលរួមផ្ដល់យោ បល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីធ្វើយ៉ាងណាឱ្យបទបញ្ជា និងនីតិវិធីនេះ អនុវត្តទៅបានរលូនល្អនៅក្នុង ដំណើរការនៃការបោះឆ្នោតនាពេលខាងមុខ ដើម្បីប្រព្រឹត្តទៅស្របតាមគោលការណ៍លទ្ធិប្រជា ធិបតេយ្យ សេរីពហុបក្ស ហើយ គ.ជ.ប នឹងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលឆាប់ៗខាង មុខនេះ៕