(ឧត្តរមានជ័យ)៖ ក្នុងឱកាសអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ទេសរដ្ឋមន្រ្តី គន់ គីម សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តឧត្តរមានជ័យ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សឃុំអន្លង់វែង ស្ថិតក្នុងស្រុកអន្លង់វែង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះដែរ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា ថ្ងៃនេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ ហើយបានប្រែក្លាយប្រទេសកម្ពុជា ពីចំណុចសូន្យឱ្យមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។
ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែក្សាសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ឱ្យបានគង់វង្ស និងត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលឱ្យផុសផល។
ទេសរដ្ឋមន្ត្រី គន់ គីម បាបគូសបញ្ជាក់ថា យើងទាំងអស់គ្នា រំឭកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងក្នុងស្មារតីចងចាំជានិច្ច គុណូបការៈ ដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីនរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មសាច់ឈាម និងអាយុជីវិតរបស់ខ្លួនប្រកបដោយវីរភាព ក្នុងការប្រយុទ្ធវាយផ្តួលរំលំរបបប្រល័យ ពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបដ៏អប្រិយនេះអាចវិលត្រឡប់មកជាថ្មីវិញបាន។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយគោរព ឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិយើងរាប់លាននាក់ដែលត្រូវ សម្លាប់យ៉ាងអយុត្តិធម៌ និងអាណោចអាធម្មបំផុតក្នុងរបប ប៉ុល ពត បានទៅកាន់សុគតិភពជារៀងដរាប។
ទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថាស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោកសូមបានអំពាវនាវឱ្យប្រជាជនទាំងអស់ ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩ ទាំងទម្រង់ចាស់ និងថ្មី និងអាជ្ញាធរត្រូវជំរុញឱ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី១ និងជំរុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី៣ ឱ្យបានឆាប់រហ័ស ដើម្បីមានភាពស៉ាំជាមួយជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕