(កូឡាឡាំពួរ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បាននិយាយនៅថ្ងៃ ពុធនេះថា ប្រទេសម៉ាឡេស៊ីនឹងផ្តល់ជំនួយជាសាច់ប្រាក់ចំនួន១.៤ពាន់លានរីងហ្គីដ (៣៣៤.៩៣លាន ដុល្លារ) ព្រមទាំងទម្រង់ជំនួយផ្សេងទៀត សម្រាប់ជនរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរក្នុងខែនេះ។
លោក Ismail Sabry បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការសង្គ្រោះរបស់រដ្ឋាភិ បាលនឹងរួមបញ្ចូលជំនួយជាសាច់ប្រាក់ដោយផ្ទាល់ ដោយយ៉ាងហោចណាស់សម្រាប់ ៣០,០០០ គ្រួសារដែលរងផលប៉ះពាល់ សម្រាប់ធ្វើបុណ្យសព សម្រាលវិក័យប័ត្រ និងការជួសជុលយានយន្ត ជាដើម។ វាក៏នឹងរួមបញ្ចូលផងដែរនូវមូលនិធិសម្រាប់ការសម្អាត និងការកសាងឡើងវិញក្រោយទឹក ជំនន់ ជាពិសេសនៅក្នុងរដ្ឋដែលរងគ្រោះខ្លាំងបំផុតគឺ Selangor និង Pahang ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៧ ខែធ្នូ មានមនុស្សជិត ៧០,០០០នាក់ត្រូវបានជម្លៀសចេញ ខណៈ ដែលយ៉ាងហោចណាស់ ៤៨នាក់ត្រូវបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ដែលបានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងរដ្ឋចំនួន៨ របស់ម៉ាឡេស៊ី៕