សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ក្រុមប្រឆាំងគ្មានធនធានមេដឹកនាំយុវជនដើម្បីបន្តវេន, បើមានសម្តេចក៏អបអរសាទរ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកទៅកាន់មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់ ដែលពុំមានធនធានយុវជនខ្លាំងដើម្បីបន្តវេន ដូចគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បាន សម្តែងការអបអរសាទរប្រសិនបើក្រុមនេះ បង្ហាញមេដឹកនាំយុវជនបន្តវេនរបស់ខ្លួន ដើម្បីប្រកួត ប្រជែង។

ទោះបីជានិយាយមិនចំឈ្មោះ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ទំនងជាសំដៅទៅកាន់ លោក សម រង្ស៉ី ដែលកំពុងធ្វើយុទ្ធនាការវាយប្រហារលើប្រជាប្រិយភាពរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីត្រូវបានគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច សម្រេចជាឯកច្ឆន្ទជ្រើសតាំងជា បេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត បន្តពីសម្តេចតេជោ ហ៊ុន សែន។

ថ្លែងនៅពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការ ពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការព្យា យាមរបស់ មេក្រុមប្រឆាំងក្រៅច្បាប់ ក្នុងការវាយប្រហារលើប្រជាប្រិយភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រៀបដូចជាមនុស្សចាស់ ព្យាយាមប្រកួតប្រជែងជាមួយកូនក្មេង។

សម្តេចបានលើកឧទាហរណ៍ថាករណីនេះ មិនខុសអំពីរឿងធញ្ជ័យ ត្រង់វគ្គនាយធញ្ជ័យ យកកូនដំរី ទៅជល់ជាមួយមេដំរីនោះទេ ហើយទីបំផុតមេដំរីខ្លាចកូនដំរីដែលចេះតែតាមបៅដោះ ហើយរត់ចាញ់ ការភ្នាល់តែម្តង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា៖ «រឿងគេដាក់នរណាអាហ្នឹង ជារឿងបក្សរបស់គេតើ អ្នកឯកដាក់មក ខ្ញុំអបអរសាទរនឹងការបញ្ចេញយុវជនជំនាន់ក្រោយដើម្បី បន្តវេន ឱ្យចេញមកឱ្យអស់មក ឬអ្នកឯងគ្មានធនធានមនុស្សបន្ត»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់នេះ មិនមានថ្ងៃឈ្នះ នោះទេ ហើយសម្តេចនឹងធ្វើឲ្យរូបគេរត់តាមក្រោយសម្តេច ហើយបន្តរត់តាមក្រោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ទៀតផង៕