(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្តេជ្ញាដោះស្រាយការខ្វះខាត ឧបករណ៍ធ្វើតេស្តរក COVID-19 ខណៈវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) កំពុងតែបង្កការរាំងស្ទះនៅតាមមន្ទីរពេទ្យនានា និងផែនការធ្វើដំណើរកម្សាន្តឆ្លងឆ្នាំ ត្រូវបង្អាក់ជាបណ្តើរៗ។
នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញ ជាមួយរដ្ឋបាលគ្រប់គ្រងជំងឺ COVID-19 និងអភិបាលរដ្ឋ នានារបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងយ៉ាងដូច្នេះថា «ការមើលឃើញអំពី ភាពលំបាកសម្រាប់មនុស្សចំនួន ក្នុងការទទួលបានការធ្វើតេស្ត នៅចុងសប្តាហ៍នេះពិតជាបង្ហាញថា យើងមានការងារបន្ថែមទៀតដែលត្រូវធ្វើ… ច្បាស់ណាស់ ឧបករណ៍ធ្វើតេស្តគឺមិនគ្រប់គ្រាន់ ឡើយ…»។ លោក ចូ បៃដិន បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់លោកកំពុងជំរុញការផលិត ឧបករណ៍ធ្វើតេស្តនៅក្នុងស្រុក ហើយនឹងធ្វើឲ្យវាកាន់តែប្រសើរឡើង ក្នុងការប្រើប្រាស់ស្របជាមួយ កម្មវិធីឆ្លាតវៃរបស់ក្រុមហ៊ុន Google ដើម្បីសម្រួលឲ្យប្រជាជនងាយរកកន្លែងធ្វើតេស្ត ដែលនៅ ជិតបំផុត។
យោងតាមរបាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន Reuters សម្រាប់រយៈពេល ៧ថ្ងៃមកនេះ ករណីឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងរហូតដល់ទៅ ៥៥% ហើយភាគច្រើន បំផុត ត្រូវបានបង្កឡើងដោយវីរុស Omicron៕