(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និង លើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព អគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាទីស្ដីការក្រសួង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ ជ្រុងជ្រោយតំបន់ (RCEP) ត្រូវបានទទួលការអនុម័តយល់ព្រម និងប្រកាសដាក់ឲ្យប្រើប្រាស់ ដោយ ព្រះរាជក្រម ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ និងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២»។
ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា បន្ថែមពីលើ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗជូនប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០២១នេះ ទោះបីជាកម្ពុជា មានបញ្ហាប្រឈមនឹងជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក្រសួងពាណិជ្ជកម្ម បានខិតខំបំពេញការងារ យ៉ាងសកម្ម ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្មកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និង សកលលោក ដោយសម្រេចបាន នូវលទ្ធផលគួរជាទីមោទនៈ ជាពិសេសការចរចាបើកច្រក ទីផ្សារសម្រាប់ទំនិញកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្ដិ បន្តថា ក្រសួងពាណិជ្ជកម្ម នៅមានបេសកកម្មចរចា បង្កើតកិច្ចព្រមព្រៀងពា ណិជ្ជកម្ម សេរីថ្មីៗបន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួន មានជាអាទិ៍ ជាមួយសហ ភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ី ឥណ្ឌា រុស្ស៊ី ជប៉ុន ម៉ុងហ្គោលី ជាដើម។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារអន្តរក្រសួងរបស់ពាណិជ្ជកម្ម ជាពិសេសក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ នឹងបន្តចូលរួមយ៉ាងក្លៀវក្លា ជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មទីផ្សារ ដើម្បីបង្កើនការនាំចេញ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់ តែខ្លាំងក្លាបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសន៍ដឹកនាំដ៏ឆ្នើម។
ដើម្បីឲ្យកិច្ចការចរចាអាចប្រព្រឹត្តិទៅដោយជោគជ័យ និងមានចីរភាព ឯកឧត្តម ប៉ាន សូរស័ក្ដិ សូម គោរពស្នើសុំការយល់ព្រមពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងការបង្កើតគណៈ កម្មាធិការជាតិចរចាពាណិជ្ជកម្ម ដែលមានលក្ខណៈអចិន្ត្រៃយ៍ និងមានលេខាធិការដ្ឋានច្បាស់លាស់ សម្រាប់សិក្សា និងដាក់ចេញនូវផែនការ យុទ្ធសាស្រ្តចរចា៕