តំណាង អង្គការសហប្រជាជាតិ (UN) បើកយុទ្ធនាការរៃអង្គាសប្រាក់ «៦.៥លានដុល្លារ» ដើម្បី សង្គ្រោះប្រជាជនហ្វីលីពីន ក្រោយព្យុះទីហ្វុង Rai វាយប្រហារយ៉ាងដំណំ

 (យូអិន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ ប្រាប់អោយដឹងថា អង្គការសហប្រជាជាតិ (UN) នឹងចាប់ផ្តើមយុទ្ធនាការមួយនៅថ្ងៃ សុក្រនេះ ដើម្បីរៃអង្គាសប្រាក់ចំនួន ៦.៥លានដុល្លារអាមេរិក សម្រាប់ផ្ដល់ជំនួយដល់ជនរងគ្រោះ ដោយព្យុះទីហ្វុង រ៉ៃ (Rai) ដែលបានវាយប្រហារប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន។

អ្នកសម្របសម្រួល UN ប្រចាំនៅក្នុងប្រទេសហ្វីលីពីន លោក ហ្គូស្តាវ៉ូ ហ្កន់ហ្សាលែស (Gustavo Gonzalez) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយ តាមអនឡាញកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា «យើងនឹងចាប់ផ្តើមយុទ្ធនាការកម្រិតមូលដ្ឋាន ជាមួយសហគមន៍អន្តរជាតិ តំណាងឱ្យប្រទេសហ្វីលីពីន ក្នុងការបង្ហាញអំពីតម្រូវការមនុស្សធម៌ និងផែនការជាអាទិភាព»។

លោក Gustavo Gonzalez បានបន្តថា «ការស្នើសុំប្រាក់ជំនួយ គឺមានចំនួន ៦.៥លានដុល្លារអា មេរិក»។ ប្រាក់ទាំងនេះ នឹងត្រូវបានកំណត់គោលដៅ សម្រាប់ផ្ដល់ជំនួយដល់ប្រជាជនចំនួន ៥៣០,០០០នាក់ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដែលកំពុងត្រូវការជាបន្ទាន់នូវសេវា កម្មសុខភាព លទ្ធភាពទទួលបានទឹកស្អាត និងទីកន្លែងសមរម្យសម្រាប់ជ្រកកោនបណ្តោះអាសន្ន។

សូមជម្រាបថា ព្យុះទីហ្វុង Rai ដែលត្រូវបានចាត់ទុកថា ជាព្យុះទីហ្វុងដ៏កំណាចបំផុតប្រចាំឆ្នាំ ២០២១ បានបំផ្លិចបំផ្លាញផ្នែកខ្លះ នៃតំបន់ភាគកណ្តាល និងខាងត្បូងប្រទេសហ្វីលីពីនកាល​ពីមួយសប្តាហ៍មុន ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៧៥នាក់ស្លាប់, រាប់ពាន់ នាក់រងរបួស និងលំនៅឋានជាច្រើនខ្នង ត្រូវបំផ្លិចបំផ្លាញទាំងស្រុង៕