លទ្ធផលសិក្សាថ្មីនៅអាហ្វ្រិកខាងត្បូង៖ «Omicron ទំនងជាមិនខ្លាំងដូច Delta នោះឡើយ»


 (ហ្សឺណែវ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ប្រាប់អោយដឹងថា លទ្ធផលសិក្សាថ្មីមួយដោយក្រុមអ្នកវិទ្យាសាស្ត្រ នៅ ប្រទេសអាហ្វ្រិកខាងត្បូង បានបង្ហាញនូវក្តីសង្ឃឹមបន្តិច ពាក់ព័ន្ធនឹងក្តីព្រួយបារម្ភអំពីភាពធ្ងន់់ធ្ងរ ដែលអាចបង្កឡើងដោយ វីរុស COVID-19 បំប្លែងថ្មី Omicron ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) នៅតែបន្តក្រើនរំលឹកថា វាហាក់ដូចជាលឿនពេកក្នុងការសន្មត់ អំពីឥទ្ធិពលពិតប្រាក ដនៃវីរុសបំប្លែងថ្មីនេះ ខណៈវាកំពុងរាតត្បាតទូទាំងពិភពលោករួចទៅហើយ។

ខណៈការរឹតត្បិតនៅតាមបណ្តាប្រទេសអឺរ៉ុប និងអាស៊ី បាននិងកំពុងកើនឡើងនោះ ការសិក្សាអំពី ឥទ្ធិពលពិតប្រាកដរបស់ Omicron ក៏នៅតែកំពុងបន្តផងដែរ។ ចាប់តាំងពីវាត្រូវបានរកឃើញជាលើកដំបូង នៅប្រទេសអាហ្វ្រិកខាងត្បូង ក្រុមអ្នកវិទ្យាសាស្ត្រទាំង មកពី WHO, អង់គ្លេស, អាមេរិក និងសូម្បីតែនៅអាហ្វ្រិកខាងត្បូងខ្លួនឯងផ្ទាល់ សុទ្ធតែបានអះអាង ស្រដៀងៗគ្នាថា Omicron មានសមត្ថភាពចម្លងយ៉ាងឆាប់រហ័សជាង Delta ប៉ុន្តែវាទំនងជាមិន អាចបង្កឲ្យអ្នកជំងឺឈឺធ្ងន់ ដូចជាវីរុស Delta នោះឡើយ។

ដោយឡែកការសិក្សាថ្មីចុងក្រោយ ធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវជំងឺជាតិ (NICD) នៃប្រទេស អាហ្វ្រិកខាងត្បូង បានបង្ហាញលទ្ធផលឲ្យឃើញថា «អ្នកឆ្លងវីរុស Omicron ទំនងជាមិនមានភាព ធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវចូលសម្រាកមន្ទីរពេទ្យ ដូចជាអ្នកដែលបានឆ្លងវីរុស Delta នោះឡើយ»។ ប្រទេសអាហ្វ្រិកខាងត្បូង ក៏បានប្រកាសផងដែរថា ខេត្ត ហ្កៅតេង (Gauteng) ដែលកន្លែងរកឃើញ ករណីវិជ្ជមានដំបូងនៃវីរុសបំប្លែងថ្មី Omicron នោះ ក៏ទំនងជាបានឈានដល់ចំណុចកំពូល នៃការ ឆ្លងរាតត្បាតរួចទៅហើយដែរ៕