(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកងកម្លាំងនគរបាល កង កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសទាំងមូល ជាប្រក្រតីឡើងវិញ ពិសេសកងកម្លាំង និងអាជ្ញាធរ ត្រូវរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុង ឱកាសពិធីបុណ្យណូអ៊ែល និងបុណ្យចូលឆ្នាំសកល ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាង មុខនេះ។ ការជំរុញរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង ១៤ នៅ សាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា «ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរជាប្រក្រតីភាពឡើងវិញ។ ដូច្នេះរាល់សកម្មភាពនានា វានឹងកើតឡើងវិញទាំងបទល្មើសផ្សេង ទាំងល្បែងស៉ីសងគ្រប់ប្រភេទ ទាំងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ»។
ឯកឧត្តម ជំរុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងពីរប្រភេទ និងអាជ្ញាធរខណ្ឌទាំងអស់ ត្រូវពង្រឹងឡើង វិញ ពិសេសបង្ក្រាបឲ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន និង ល្បែងស៊ីសងជាដើម ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។
ឯកឧត្តម បន្តថា ពាក់ព័ន្ធនិងបុណ្យចូលឆ្នាំសកល ដែលនឹងឈានចូលមកដល់ នាពេលដ៏ខ្លីខាងមុខ នេះ អាជ្ញាធរខណ្ឌ ក៏ដូចជាមន្ទីរសាធារណការរាជធានីភ្នំពេញ ត្រូវរាយការណ៍ពីគោលដៅកកស្ទះ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ បើដោះមិនចេញ ត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីដោះ ស្រាយបញ្ហាកកស្ទះចរាចរណ៍នេះ។ ពិធីបុណ្យចូលឆ្នាំសកលនេះ ប្រជាពលរដ្ឋ និងសម្រុកចាក ចេញពីលំនៅដ្ឋាន ដើម្បីឆ្លងឆ្នាំ ដែលវានឹងធ្វើឲ្យតំបន់ប្រឈមមួយចំនួន មានការកកស្ទះចរាចរ។
«ដូច្នេះក្នុងនាមយើងជាអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវសម្រួលសារាចរណ៍ ជូនបងប្អូនប្រជាពរដ្ឋ ដើម្បីឲ្យពួកគាត់បានសប្បាយរីករាយ នៅក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ»។ លោកអភិបាលរាជធានីភ្នំពេញ គូសបញ្ជាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឲ្យដឹងដែរថា នៅ ក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំនេះ សមត្ថកិច្ចរបស់លោក នឹងប្រើប្រាស់កម្លាំងចំនួន ១១៦៥ នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ បានសប្បាយ ក្អាកក្អាយ។
ឯកឧត្តម ស ថេត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិ សុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយលោកតែងបានចុះផ្ទាល់លើការត្រួតពិនិត្យកងកម្លាំង ដែល ត្រូវប្រចាំនៅតាមគោលដៅនានា នៅក្នុងរាជធានីភ្នំពេញ ដែលនេះបង្ហាញឲ្យឃើញពីភាពខ្លាំង នៃ ការដឹកនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ៕