(ភ្នំពេញ)៖ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២១នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ ឥណទានសរុប ១៨៥.១ ទ្រីលានរៀល ឬប្រមាណ៤៤.៩ប៊ីលានដុល្លារអាមេរិក ដល់វិស័យកសិកម្ម សំណង់ កម្មន្តសាល សេវាកម្ម ការជួញដូរដុំនិងរាយ និងអង្គភាពគ្រួសារជាដើម កើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារជាតិនៅ ល្ងាចថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២១នេះ។
ធនាគារជាតិបានបញ្ជាក់ថា ឥណទានដែលផ្តល់លើវិស័យកសិកម្ម មានចំនួន ១៧.៥ទ្រីលាន ប្រ មាណជាង៤.២ពាន់ លានដុល្លារ, វិស័យសំណង មានចំនួន ៤៧.៤ទ្រីលាន ស្មើប្រមាណជាង ១១.៥ ពាន់លានដុល្លារ, វិស័យសេវាមានចំនួនជាង១៩.៣ទ្រីលានរៀល ស្នើប្រមាណជាង៤.៧ ប៊ីលានដុល្លារ ,ការជួញដូរដុំនិងរាយ៤៥.៥ទ្រីលានរៀន ឬប្រមាណ ១១.១ពាន់លាន ដុល្លារ កម្មន្តសាល ៦.២ទ្រីលានរៀល ស្មើនឹង១.៥ពាន់លានដុល្លារ, អង្គភាពគ្រួសារ ១១.១ ស្មើនឹង២.៧ ពាន់លានដុល្លារ និងឥណទានផ្សេងៗ ៣៨.១ទ្រីលានរៀល ឬប្រមាណជាង៩.២ពាន់លានដុល្លារ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធ្លាប់បានការកើនឡើងនេះ អាចជា សញ្ញាណបង្ហាញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដោយសារតម្រូវការឥណទានក្នុងការចាប់ ផ្តើមពង្រីកអាជីវកម្ម។
លោកបន្ថែមថា យ៉ាងណាក្តីសមាគមមីក្រូហិរញ្ញវត្ថុ នឹងបន្តតាមដានដោយយកចិត្តទុកដាក់នូវនិនា ការណ៍ផ្សេងៗក្នុងវិស័យ ដើម្បីការពារផលប៉ះពាល់ណាមួយដែលអាចនឹងកើតឡើងជាយថាហេតុ។
បើតាមអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះបានឱ្យដឹងបន្តថា សម្រាប់ការផ្តល់ឥណ ទានសម្រាប់មីក្រូហិរញ្ញវត្ថុ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ ឥណទាន បានកើនឡើងរហូតដល់ ៨ ២១៨ លានដុល្លាសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ ៦០០ លានដុល្លាសហរដ្ឋអាមេរិក បើធៀបនឹងត្រីមាសមុន ខណៈចំនួនអតិថិជនកម្ចីបានកើនឡើងដល់ ២ ០២៨ ៨៨២នាក់ ដោយ កើនឡើង ៥១ ១១៦នាក់បើធៀបនឹងត្រីមាសទី២ ក្នុងឆ្នាំ២០២១។
ចំណែកលោក អ៊ិន ចានី ប្រធានអគ្គនាយកធនាគារអេស៉ីលីដា ធ្លាប់បានលើកឡើងដែរថា ក្រោយ ពេលដែលរាជរដ្ឋាភិបាល បើកសេដ្ឋកិច្ចឡើងវិញ បានជំរុញឱ្យការផ្តល់ឥណទានរបស់ធនាគារកើន ឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ក្នុងខែ ក្នុងតុលា និងខែវិច្ឆិកា ឥណទានបានកើនឡើងប្រមាណ ជាង១០០លានដុល្លារ៕