(ម៉ូស្ដូ)៖ ក្រុមហ៊ុន Meta Platforms (Facebook) ត្រូវបានគេរាយការណ៍មកថា បានបង់ប្រាក់ ផាកពិន័យ 17លានរូប្លែ (ប្រហែល ២២៩,៦៤៣ដុល្លារអាមេរិក) ជូនរដ្ឋាភិបាលរុស្ស៊ី ពាក់ព័ន្ធនឹងការ ខកខានមិនព្រមលុបមាតិកាខុសច្បាប់ ដោយក្នុងនោះ ក្រុមហ៊ុន Twitter និង TikTok ក៏ទទួលរង ពិន័យដូចគ្នា។យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Facebook រួមជាមួយនឹង Google ប្រឈមមុខនឹងការកាត់ក្តីពីសំណាក់ តុលាការរុស្ស៊ីនៅសប្តាហ៍ក្រោយ ពាក់ព័ន្ធករណីសង្ស័យថាបានបំពានច្បាប់រុស្ស៊ីម្តងហើយម្តងទៀត និងអាចត្រូវបានពិន័យជាភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំនៅក្នុងប្រទេសរុស្ស៊ី។
រដ្ឋាភិបាលក្រុងមូស្គូបានបង្កើនសម្ពាធមកលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននៅឆ្នាំនេះ ជាពិសេស គឺក្រុមហ៊ុន Big Tech របស់អាមេរិក ក្នុងយុទ្ធនាការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើអ៊ីនធឺណិត ដែលជាអ្វី ដែលពួកគេនិយាយថាគំរាមកំហែងដល់ការរារាំងសេរីភាពបុគ្គល និងសាជីវកម្ម។
កាលពីសប្ដាហ៍មុននេះ ប្រទេសរុស្ស៊ីបានពិន័យ Twitter , Meta Platforms (Facebook) និង TikTok ចំពោះការខកខានក្នុងការលុបមាតិកាដែលរដ្ឋាភិបាលចាត់ទុកថាខុសច្បាប់ ហើយនេះ ក៏ជាការពិន័យចុងក្រោយបង្អស់លើក្រុមហ៊ុនបច្ចេកវិទ្យាបរទេស។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យម្សិលមិញនេះ សារព័ត៌មានរុស្ស៊ី Interfax បានផ្សាយថាកម្មវិធី Telegram ក៏បានបង់ប្រាក់ពិន័យចំនួន ១៥លានរូប្លិ៍ផងដែរ៕