(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បាន អញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ស្ថិតក្នុង ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ដល់ម្ចាស់កម្មសិទ្ធិ ចំនួន២៨០គ្រួសារ ស្មើនឹង៣៤៩ ក្បាល ស្មើជាង១,០០០ហិចតា។
ឯកឧត្តម សុខ លូ បានលើកឡើងថា ដោយសារតែការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចក្នុងការ ប្រគល់ដីជូនប្រជាពលរដ្ឋ ឲ្យជាម្ចាស់កម្មសិទ្ធិពេញលេញ បន្ទាប់ពីធ្វើការវាស់វែង និងចុះបញ្ជីដីធ្លី ដូចជាការកំណត់ព្រំដី ការងារវាស់វែង យ៉ាងមានសុក្រឹតភាពទៅតាមនីតិវិធីនៃច្បាប់។
ឯកឧត្តម ក៏បានបន្តទៀតថា ចំពោះសន្លឹកវិញ្ញាណបនបត្រនេះ មិនអាចមានការក្លែងបន្លំបានឡើយ ព្រោះនៅលើសន្លឹកប័ណ្ណមានភ្ជាប់ជាមួយនឹង QR Code ដែលគ្រាន់តែស្កេនភ្លាមចេញទិន្នន័យ ច្បាស់មកទាំងអស់ ទោះបីជាព្យាយាមបំផ្លាញសន្លឹកប័ណ្ណបំបាត់ភស្ដុតាងក៏ដោយ ក៏ទិន្នន័យមាននៅ ក្នុងប្រព័ន្ធកុំព្យូទ័រទាំងអស់។
ឯកឧត្តម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិហើយ ហើយនៅតែបន្តឈូស ឆាយ រំលោភបំពានដល់ដីព្រៃ ដែលជាសម្បត្តិរបស់រដ្ឋ ឬដីដែលជាសម្បត្តិរបស់រដ្ឋ រដ្ឋបាលខេត្តនឹង ធ្វើការចាត់វិធានការទៅផ្លូវច្បាប់ រកឲ្យឃើញមេខ្លោង ដោយមិនមានការលើកឡើយ ព្រមទាំង ណែនាំដល់រដ្ឋបាលស្រុក រក្សាភ្នំធម្មជាតិឲ្យបានដើម្បីទុកដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ជាគោលដៅទេសចរណ៍នាពេលអនាគត។
ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិដីធ្លីនៅថ្ងៃនេះ សូមមេត្តា កុំយកដីទៅលក់ ដើម្បីអាចប្រើប្រាស់ដីនេះក្នុងការដាំដុះដំណាំផ្សេងៗ ដើម្បីចិញ្ចឹមជីវិត និងផ្គត់ផ្គង់ ក្នុងគ្រួសារ ព្រមទាំងអាចទុកបន្តដល់កូនចៅជំនាន់ក្រោយៗផងដែរ៕