លោក ពូទីន ចង់បានកិច្ចពិភាក្សាជាបន្ទាន់ ជាមួយអង្គការ NATO ជុំវិញបញ្ហាសន្តិសុខរបស់រុស្ស៉ី

 (ម៉ូស្គូ)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា លោកចង់ឲ្យមានកិច្ចពិភាក្សាជាបន្ទាន់ជាមួយ សហរដ្ឋអាមេរិក ហើយនិងអង្គការ NATO ជុំវិញការ ធានាសន្តិសុខ ស្របពេលដែលស្ថានការណ៍ នៅតែបន្តស្ថិតក្នុងសភាពតានតឹងខ្លាំងដដែល រវាងទី ក្រុងម៉ូស្គូនិងក្រុមប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួននៅអង្គការ NATO បានចោទ ប្រកាន់រុស្ស៉ីថា រុស្ស៉ីកំពុងមានផែនការ ដើម្បីឈ្លានពានអ៊ុយក្រែន ហើយពួកគេបានព្រមានថានឹង ដាក់ទណ្ឌកម្មរួមគ្នាយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុងម៉ូស្គូ ប្រសិនបើលោក ពូទីន ពិតជាហ៊ានបើកការ វាយប្រហារដូច ការសង្ស័យមែននោះ។

ក្នុងជំនួបតាមទូរស័ព្ទជាមួយ ប្រធានាធិបតីហ្វាំងឡង់ លោក សាវលី នីនីស្តូ (Sauli Niinisto) លោក ពូទីន បាននិយាយថា រូបលោកចង់ឲ្យមាន កិច្ចពិភាក្សាសន្តិសុខធ្វើឡើងជាបន្ទាន់។ យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងរុស្ស៉ី លោក ពូទីន បានប្រាប់លោក នីនីស្តូ ថា ទីក្រុងម៉ូស្គូចង់ចាប់ផ្តើមកិច្ចចរចាជាបន្ទាន់ ជាមួយសហរដ្ឋអាមេរិកនិងអង្គការ NATO ស្តីពីសន្តិសុខ របស់រុស្ស៉ី។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ពូទីន បានកើតមាន នៅមួយថ្ងៃបន្ទាប់ពីអនុរដ្ឋមន្រ្តីការបរ ទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បានព្រមានថា ទីក្រុងម៉ូស្គូអាចនឹងធ្វើសកម្ម ភាពតាមផ្នែកយោធា ប្រសិនបើកិច្ចចរចាគ្នាដែលខាងរុស្ស៉ីបានស្នើ មិនត្រូវរៀបចំឡើងទេនោះ។

លោក ពូទីន បានច្រានចោលការចោទប្រកាន់ អំពីគម្រោងឈ្លានពានលើអ៊ុយក្រែន ហើយលោក បានបន្ទោសទៅអង្គការ NATO វិញថា សម្ពន្ធភាពសន្តិសុខនេះទៅវិញទេ ដែលជាអ្នកនាំឲ្យភាព តានតឹងពុះក្រញ្ជោលឡើង ហើយបានទាមទារឲ្យមាន ការធានាតាមផ្លូវច្បាប់ថា ពួកគេនឹងមិន ពង្រីកខ្លួនទៅភាគខាងកើតនោះឡើយ៕