(ហ្សឺណែវ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១គឺអោយដឹងថា អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាវ៉ាក់សាំងបង្ការ COVID-19 ហាក់ដូចជាថយចុះប្រសិទ្ធភាពបន្តិចបន្តួច នៅក្នុងការបង្ការកុំឱ្យធ្លាក់ខ្លួន ឈឺធ្ងន់ ឬ ស្លាប់ ប៉ុន្តែវានៅតែអាចផ្ដល់ការការពារដ៏សំខាន់ដដែល ចំពោះមុខការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី Omicron។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃអង្គារសប្ដាហ៍នេះ ប្រមុខអង្គការ WHO លោក Tedros បានបញ្ជាក់ដូច្នេះថា «វីរុស Omicron កំពុង ឆ្លងរាលដាល ក្នុងអត្រាមួយដែលយើងមិនធ្លាប់បានឃើញពីមុនមក បើធៀបទៅនឹងវីរុសបំប្លែងថ្មីដទៃ ហើយបើទោះ ជាវីរុសបំប្លែងថ្មីនេះមិនបង្កឱ្យមានជំងឺធ្ងន់ធ្ងរក៏ដោយ តែក៏មិនគួរមើលស្រាលស្ថានការណ៍នោះដែរ»។ លោកបន្ថែមថា ការចាក់វ៉ាក់សាំងដូសជំរុញ អាចនឹងដើរតួនាទីយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការឆ្លង រាលដាល COVID-19 ដរាបណាមនុស្សដែលត្រូវការវ៉ាក់សាំងបំផុត អាចនឹងទទួលបានការចាក់ វ៉ាក់សាំងបង្ការ។
សូមបញ្ជាក់ថា វីរុស COVID-19 បំប្លែងថ្មី Omicron ដែលត្រូវបានគេរាយការណ៍មុនគេនៅក្នុង ប្រទេសអាហ្វ្រិកខាងត្បូង បច្ចុប្បន្នបានឆ្លងរាលដាលនៅក្នុងប្រទេសចំនួន ៧៧ហើយ នៅជុំវិញ ពិភពលោក ខណៈវីរុសបំប្លែងថ្មីនេះកំពុងបង្កឱ្យមានរលកឆ្លងថ្មីនៅតាមប្រទេសជាច្រើន៕