(សៀមរាប)៖ ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរានឹង រៀបចំពិធី «រំលឹកគុណអង្គរ» យៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ លោកបានបន្តថា កម្មវិធីនេះនឹងរៀបចំនៅមុខប្រាសាទអង្គរវត្ត បរិវេណខាងមុខប្រាសាទភ្នំបាខែង និងព្រះលានជល់ដំរីដោយរៀបចំឱ្យមានទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលការងាររយ:ពេល២៩ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា និង ស្នាដៃសិល្បៈផ្សេងៗដែលជាទំនៀមទម្លាប់ប្រពៃណី កម្មវីធីសម្តែងសិល្បៈ ដូចជា ការសម្តែងល្ខោន ស្បែកធំ ល្ខោនបាសាក់ដែលសុទ្ធតែមានសារសំខាន់សម្រាប់បង្ហាញជូនសាធារណជនទស្សនា និងកម្មវិធីរាប់បាតព្រះសង្ឃផងដែរ។
ដោយឡែក មុនការប្រារព្វពិធីនេះក៏នឹងមានការប្រារព្វពិធីសាសនា និងការសម្តែងសិល្បៈ ជា ពិសេសការសម្តែងល្ខោនបាសាក់ ឧបត្ថម្ភគាំទ្រដោយវិស័យឯកជនផងដែរ នៅថ្ងៃទី១២ និងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណប្រាសាទភ្នំបាខែង និងទីលានជល់ដំរី ក្រុងអង្គរធំ។
សូមជម្រាបដែរថា ពិធីរំលឹកគុណអង្គរ គ្រោងនឹងរៀបចំឡើងជារៀងរាល់ឆ្នាំ នាឆ្នាំបន្តបន្ទាប់ដោយ យកឆ្នាំ២០២១នេះ គឺជាឆ្នាំសាកល្បង ដែលព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ដើម្បី រំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សា ប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុ ភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ ការបង្ហាញពីពិធីបែបសាសនាផ្សេងៗ និងការបង្ហាញអំពីសមិទ្ធផល ការងារជាច្រើនដែលអាជ្ញាធរជាតិអប្សរាបានខិតខំធ្វើនាពេលកន្លងមកក្នុងការអភិវឌ្ឍន៍អង្គរសម្រាប់ជនរួមជាតិទាំងមូល៕