ទោសជាប់ពន្ធនាគាររបស់ អតីតប្រធានាធិបតីមីយ៉ាន់ម៉ា និងលោកស្រី ស៊ូ ជី ត្រូវស្នើឲ្យកាត់បន្ថយ មកត្រឹម «២ឆ្នាំ» វិញ


 (រ៉ង់ហ្គូន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១អោយដឹងថា ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានស្នើឲ្យបន្ធូរបន្ថយទោសជា ប់ពន្ធនាគាររបស់លោកស្រី អោង សាន ស៊ូ ជី មកនៅត្រឹម ០២ឆ្នាំវិញ បន្ទាប់ពីត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និងបំពានវិធាន ការទប់ស្កាត់ COVID-19។

បើតាមអ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោក សរ មីន តាន់ (Zaw Min Tun) កាលពីថ្ងៃចន្ទដើម សប្ដាហ៍នេះ តុលាការមីយ៉ាន់ម៉ាបានផ្ដន្ទាទោសលោកស្រី ស៊ូ ជី ដាក់ពន្ធនាគារ ០២ឆ្នាំ ពីបទញុះ ញង់ឱ្យមានការបះបោរប្រឆាំងយោធា និង ០២ឆ្នាំទៀត ពីបទបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ដែលមានជាប់ពាក់ព័ន្ធនឹង COVID-19។ ចំណែកឯ លោក វីន ម្យីនត៍ (Win Myint) ជាអតីតប្រធា នាធិបតីមីយ៉ាន់ម៉ា ក៏ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ០៤ឆ្នាំផងដែរ នៅក្រោមបទ ចោទដូចគ្នានឹងលោកស្រី ស៊ូ ជី។

ប៉ុន្មានភ្លាមៗ នៅយប់ថ្ងៃចន្ទដដែល ស្រាប់តែប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង បានសម្រេចចិត្តស្នើឱ្យមានការបន្ធូរបន្ថយទោសអ្នកទាំងពីរ ពីការជាប់ពន្ធនាគារម្នាក់ៗ ០៤ឆ្នាំ មកនៅត្រឹមម្នាក់ៗ ០២ឆ្នាំវិញ។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយទូរទស្សន៍ រដ្ឋមីយ៉ាន់ម៉ា។ សេចក្ដថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា លោកស្រី ស៊ូ ជី និងលោក Win Myint នឹងត្រូវអនុវត្តទោសជាប់ពន្ធនាគារ «នៅក្រោមការឃុំខ្លួននៅក្នុងផ្ទះ នៅក្នុងរដ្ឋធានីណៃពិ ដោ» តែមិនមានការបញ្ជាក់លម្អិតអ្វីបន្ថែមលើសពីនេះទេ៕