រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានចិនអំពី «ផលវិបាកដ៏អាក្រក់» ប្រសិនបើទៅបង្កបញ្ហាជាមួយតៃវ៉ាន់


(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បានព្រមានតាម រយៈសន្និសីទមួយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រសប្តាហ៍នេះថា ថ្នាក់ដឹកនាំចិន ទាំងឡាយគួរតែគិតគូរ ប្រកបដោយការប្រុងប្រយ័ត្ន អំពីសកម្មភាពរបស់ពួកគេ ចំពោះកោះតៃវ៉ាន់ ដោយចិននឹងអាចជួប «ផលវិបាកដ៏អាក្រក់» ប្រសិនបើប្រទេសនេះបង្កបញ្ហា នៅតំបន់ច្រកសមុទ្រ តៃវ៉ាន់។ នេះបើតាមការដកស្រង់ព័ត៌មាន នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។

ក្រៅពីការលើកឡើងពាក់ព័ន្ធបញ្ហាចិន និងតៃវ៉ាន់, តាមរយៈកិច្ចសម្ភាសន៍ជាមួយ Reuters លោក អាន់តូនី ប្លីងគែន ក៏បានលើកឡើងផងដែរ អំពីការត្រៀមឆ្លើយតបផ្នែកនយោបាយ ពីសំណាក់រដ្ឋ បាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅលើការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេ អ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត ដូចជាការបង្កើនឥទ្ធិពល យោធារុស្ស៊ី នៅក្បែរប្រទេសអ៊ុយក្រែន និងជម្លោះយ៉ាងក្តៅគគុកនៅអេត្យូពីជាដើម។

សូមជម្រាបថា ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏មិនខុសពីការលើកឡើង កាលពីលើកមុន ៗរបស់ខ្លួនផងដែរ នោះគឺការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ក្នុងការជួយកោះតៃវ៉ាន់ឲ្យ មានសមត្ថភាព «ការពារខ្លួនឯង»។ ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់ធ្លាប់បានលើកឡើងកាលពី ពេលថ្មីៗនេះថា ភាពតានតឹងរវាងចិន និងតៃវ៉ាន់ គឺអាក្រក់បំផុតមិនធ្លាប់មានជាង ៤០ឆ្នាំមកនេះ ហើយចិនអាចនឹងបើកការវាយប្រហារ យ៉ាងពេញទំហឹងមកលើកោះនេះនៅឆ្នាំ២០២៥៕