អ្នកជំនាញអាមេរិក បាននិយាយ ក្រុមហ៊ុនផលិតវ៉ាក់សាំង អាចផលិតវ៉ាក់សាំងដូសជំរុញជាពិសេស ប្រឆាំង វីរុសបំប្លែងថ្មី Omicron


 (វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយ ថា ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការ COVID-19 មានផែនការបន្ទាន់ ក្នុងការប្រយុទ្ធប្រឆាំងជាមួយវី រុសបំប្លែងថ្មី Omicron ក្នុងនោះរួមមានទាំងការលាយវ៉ាក់សាំងបញ្ចូលគ្នាប្រឆាំង COVID-19 ដើម និងវីរុសបំប្លែងថ្មី ហើយក៏អាចផលិតចេញជា វ៉ាក់សាំងដូសជំរុញជាពិសេសប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក Anthony Fauci បានបញ្ជាក់ទៀតថា រដ្ឋាភិបាលអាមេរិកកំពុងធ្វើការ ងារជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna, Pfizer និង J&J លើផែនការបន្ទាន់ជាច្រើន។ លោកបន្ថែមដូច្នេះថា «យើងត្រូវការវ៉ាក់សាំង ដែលអាចប្រឆាំងទាំងវីរុស COVID-19 ដើម និងវីរុស បំប្លែងថ្មី ក៏ដូចជាវ៉ាក់សាំងដូសជំរុញជាពិសេសប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron ដែរ»

សូមបញ្ជាក់ថា បើតាមលោក Anthony Fauci ទិន្នន័យរបស់វិទ្យាស្ថានជាតិសុខាភិបាលអាមេរិក បាន បង្ហាញថាវ៉ាក់សាំងដូសជំរុញដែលមានស្រាប់នាពេលបច្ចុប្បន្ន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុស បំប្លែងថ្មីជាច្រើន រួមមានទាំង Omicron៕