រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាថ្ងៃនេះ


 (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលទទួលបានគឺលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L. P. Marsudi) រដ្ឋមន្រ្តីការបរទេសនៃ សាធារណរដ្ឋឥណ្ឌូណេស៊ី នឹង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

ការបំពេញទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងអញ្ជើញចូលជួបសម្តែង ការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងមានជំនួបជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយនឹងពិភាក្សាលើទិដ្ឋភាពមួយចំនួននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំង អាទិភាពនានារបស់កម្ពុជា ពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅ វិញទៅមករបស់ប្រជាជាតិទាំងពីរ និងពិភពលោក៕