(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហោះសារអបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១)។
លើសពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់កូនខ្មែរគ្រប់រូប ត្រូវចេះស្រឡាញ់ ថែរក្សា ការពារនូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារទាំងស្រុងក្នុង Facebook យ៉ាងដូច្នេះថា «អបអរសាទរខួប ៥ឆ្នាំនៃការដាក់បញ្ចូលចាប៉ឺដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១)។ កាលពី៥ឆ្នាំមុន នៅទីក្រុងអាឌីស អាបាបា ប្រទេស អេត្យូពី “ចាប៉ីដងវែង” ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រ កម្ពុជាតែមួយគត់ ដែលបានថែរក្សាអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ សូមកូនខ្មែរគ្រប់រូប ត្រូវចេះស្រលាញ់ និង ចូលរួមថែរក្សា ការពារ នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល»។
សូមបញ្ជាក់ថា សម្បត្តិបេតិកភណ្ឌបេតិកភណ្ឌខ្មែរទាំង៨ ដែលត្រូវបានចុះ បញ្ជី សម្បត្តិបេតិកភណ្ឌ ពិភពលោក រួមមាន៖
* តំបន់អង្គរ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី១៤ ធ្នូ ១៩៩២។
* របាំព្រះរាជទ្រព្យ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០០៣។
* ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី៧ កក្កដា ២០០៧។
* ល្ខោនស្រមោលស្បែកធំ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២៥ វិច្ឆិកា ២០១៥។
* ល្បែងទាញព្រ័ត្រ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២ ធ្នូ ២០១៥។
* ចាប៉ីដងវែង៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី៣០ វិច្ឆិកា ២០១៦។
* តំបន់ប្រាសាទសំបូរព្រៃគុក៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី៨ កក្កដា ២០១៧។
* ល្ខោនខោលវត្តស្វាយអណ្ដែត៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី២៨ វិច្ឆិកា ២០១៨៕