(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋ មន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាជាមួយ លោក Bounfeng Phoummalaysith រដ្ឋមន្រ្តី ក្រសួងសុខាភិបាលឡាវ ដែលអមដំណើរនាយករដ្ឋមន្រ្តីឡាវមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ជំនួបនេះ បានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់ជំនួយចំនួន ១៣ លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ថវិកា៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង១០លានដុល្លារ របស់ក្រុមហ៊ុនឯកជន។ ការប្រកាសផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី ឡាវនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន២គ្រឿង ដែល ជាទឹកចិត្តសប្បុរសរបស់កម្ពុជា ក្នុងការជួយដល់ប្រទេសឡាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងត្រូវ ប្រគល់ដល់រដ្ឋាភិបាលឡាវ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាម លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ប្រាប់អោយដឹង ។
ពិធីប្រគល់វ៉ាក់សាំងធ្វើឡើងនៅព្រំដែនកម្ពុជា-ឡាវ ចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង ដោយភាគី កម្ពុជាដឹកនាំដោយ លោកស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ៕