(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ នឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃ ទី២៦ ខែវិច្ឆិកា តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានីភ្នំពេញ។
ការទទួលភារកិច្ចជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិ សាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ហើយក៏ជាមោទនភាពសម្រាប់ជាតិកម្ពុជាផងដែរ។ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតអន្តរជាតិមួយនេះ ជាឱកាសកម្ពុជាបង្ហាញនូវកេត្យានុ ភាព និងសមត្ថភាពរបស់ខ្លួនថា ប្រទេសដែលធ្លាប់តែញ៉ាំញី និងខ្ទេចខ្ទាំដោយវិបត្តិភ្លើងសង្គ្រាម ពីអតីតកាលមួយនេះ បាននឹងកំពុងដើរតួនាទី និងឈរដោយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេស នានាលើពិភពលោកប្រកបដោយមោទនភាពបំផុត។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់ប្រទេស តំបន់អាស៊ី និងអឺរ៉ុបនេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ខ្ពស់ របស់ប្រទេសដៃគូ ASEM ទាំង៥១ មកពីអាស៊ី និងអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈ កម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។
កិច្ចប្រជុំកំពូល ASEM13 ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» នឹងផ្តល់ ឱកាសដ៏ទាន់ពេលវេលាមួយដល់ថ្នាក់ដឹកនាំមកពីតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបញ្ជាក់ជាថ្មីអំពីសារៈ សំខាន់នៃកិច្ចសហប្រតិបត្តិការ អាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងតំបន់ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ក្នុងនោះរួមទាំងបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចបណ្តាលមកពីជំងឺនេះផងដែរ។
មុនពេលដំណើរការកិច្ចប្រជុំកំពូល ASEM13 តំណាងមកពីព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល នឹង អញ្ជើញថ្លែងការណ៍រួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជា សហប្រធាននៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ឯកឧត្តម ប៉ាន សូរ ស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្ម និងជាសហអ្នករៀបចំវេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋ មន្ត្រីក្រសួងកិច្ចការនារី និងជាអ្នករៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ ព្រមទាំង តំណាងមកពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប និងវេទិកាប្រជាជនអាស៊ី-អឺរ៉ុបផងដែរ។
ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាអំពីតួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម ដោយផ្តោតលើប្រធានបទពាក់ព័ន្ធ រួមមាន៖ ១) ASEM ក្នុង គម្រប់ខួប២៥ឆ្នាំ៖ សមិទ្ធផលបញ្ហាប្រឈម និងទិសដៅនាពេលអនាគត ២) ការធ្វើឱ្យប្រសើរឡើង វិញនូវដំណើរការពហុភាគីនិយមដើម្បីសន្តិភាព និងស្ថិរភាពសកល ៣) ការពង្រឹងប្រព័ន្ធពាណិជ្ជក ម្មផ្អែកលើវិធានច្បាប់ ៤) កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ៥) ការតភ្ជាប់ ៦) ស្ត្រីសន្តិភាព និងសន្តិសុខ និង ៧) បម្រែបម្រួលអាកាសធាតុ។
ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើង វិញដោយផ្តោតលើ ១) ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ២) ការពន្លឿន ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និង ៣) ការកសាង ឡើងវិញនូវអនាគតប្រកបដោយភាពធន់។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំ ASEM នឹងមានឱកាសចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មកសេរី និងតាមបែបស្ថាបនាពាក់ព័ន្ធនឹង បញ្ហាសកល និងតំបន់។
ក្រោមការដឹកនាំរបស់កម្ពុជា ASEM13 នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារ សង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគត ស្តីពីការតភ្ជាប់ ASEM។
បើតាមក្រសួងការបរទេសកម្ពុជា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យ ឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជំរុញពហុភាគីនិយមក៏ដូចជាការចូលរួមយ៉ាង សកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាសកលនាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗនេះ៕