តាលីបង់ និយាយថាវិបត្តិស្បៀងអាហារសព្វថ្ងៃនៅអាហ្វហ្កានីស្ថាន ជា «កេរមរតក» បន្សល់ទុកដោយរដ្ឋាភិបាលមុន


(កាប៊ុល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទិ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ប្រាប់អោយដឹងថាអនុរដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋាភិបាលតាលីបង់ លោក អាប់ឌុល បារ៉ី អ៊ូមើត (Abdul Bari Omar) បាននិយាយថាវិបត្តិស្បៀងអាហារនៅក្នុង ប្រទេសអាហ្វហ្កានីស្ថាន សព្វថ្ងៃ គឺជា «កេរមរតក» មួយដែលបន្សល់ទុកដោយរដ្ឋាភិបាលមុន។ លោក Abdul Bari Omar ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីកាប៊ុល នៅថ្ងៃចន្ទសប្ដាហ៍ នេះហើយលោកផ្ទាល់ក៏បានឆ្លៀតរិះគន់សហគមន៍អន្តរជាតិថាមិនបានផ្ដល់ជំនួយមនុស្សធម៌ដល់អាហ្វហ្កានីស្ថានតាមការសន្យា។ ថ្លែងនាឱកាសនោះ អនុរដ្ឋមន្ត្រីសុខាភិបាលរូបនេះ បានលើកឡើង ផងដែរពីទិន្នន័យរបស់កម្មវិធីស្បៀងអាហារពិភពលោក WFP ដែលបង្ហាញថាកុមារអាហ្វហ្កានីស្ថាន ៣.២លាននាក់មានអាយុក្រោម ៥ឆ្នាំ អាចប្រឈមមុខនឹងកង្វះអាហាររូបបត្ថម្ភនៅដំណាច់ឆ្នាំ ២០២១នេះ។

សូមបញ្ជាក់ថា បើតាមលោក Abdul Bari Omar, រដ្ឋាភិបាលអាហ្វហ្កានីស្ថានមុនគាំទ្រដោយ សហរដ្ឋអាមេរិក មិនបានប្រឹងប្រែងគ្រប់គ្រាន់ដើម្បីបញ្ជៀស វិបត្តិស្បៀងអាហារនៅក្នុងប្រទេស ឡើយស្របពេលអង្គការសហប្រជាជាតិបានព្រមានកាលពីពេលថ្មីៗនេះថាប្រជាជនអាហ្វហ្កានីស្ថានប្រមាណ ២២លាននាក់ នឹងប្រឈមមុខនឹងវិបត្តិខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ នៅក្នុងរដូវត្រជាក់ នេះ៕