(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូស បញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ក្នុងការពង្រឹង វិបុលភាព និងចីរភាព តំបន់អាស៊ីអាគ្នេយ៍។
នាឱកាសថ្លែងសន្ទរកថា តាមប្រព័ន្ធ Online នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈដែល សម្តេចបានដឹកនាំប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការ ពារជាតិអាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋ កូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាច កាត់ថ្លៃបាន ក្នុងការពង្រឹងវិបុលភាព និងចីរភាព តំបន់ អាស៊ីអាគ្នេយ៍»។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានឱ្យដឹងថា បើសិនណាមិនមានសន្តិភាព និងស្ថិរភាពនោះទេ ប្រទេស នៅក្នុងតំបន់ក៏ប្រហែលជាមិនបានទទួលនូវការអភិវឌ្ឍ និងវិបុលភាពនោះដែរ ខណៈពេលដែលការ ប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ដ្រយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ន អាចនឹងប៉ះ ពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់ អាស៊ានត្រូវតែធ្វើការពង្រឹងប្រពៃណី នៃការធ្វើកិច្ចសហប្រតិ បត្តិការពហុភាគី ជាមួយនឹងដៃគូខាងក្រៅ ដោយផ្អែកលើការឯកភាពខាងក្នុង និងតួនាទីជាស្នូល របស់អាស៊ាន។
បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាសូមស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើម ប្រកបដោយភាពបើកចំហ បរិយាបន្ន និងតម្លាភាព និងដែលមានគោលដៅច្បាស់លាស់ ក្នុងការ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង សន្តិភាពប្រកបដោយចីរភាព និងការអភិវឌ្ឍនៅក្នុង តំបន់។ ការវិវត្តនៃស្ថានភាពសន្តិសុខនាពេលថ្មីៗនេះ គឺទាមទារឱ្យមានការពិភាក្សាគ្នាយ៉ាងម៉ត់ចត់ និងចែករំលែកការយល់ដឹងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។ ដោយសារតែការលេចឡើងនូវសម្ព័ន្ធការពារជាតិនាពេលថ្មីៗនេះ បានបង្កឱ្យមានការកង្វល់ចំពោះ ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងលទ្ធភាពនៃការប្រណាំងប្រជែង សព្វាវុធនៅក្នុងតំបន់។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា ទៀ បាញ់។
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងសន្ដិសុខត្រីភាគី AUKUS ជាមួយអង់ គ្លេស និងអូស្ត្រាលី ដែលជាការចែករំលែកបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ សម្ព័ន្ធភាពត្រីភាគី AUKUS ត្រូវបានគេដឹងថា គឺជាចំណងមេត្រីភាពមួយ ដែលបានបង្កើតឡើង ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕