កម្ពុជាប្រកាសឲ្យអនុវត្ត «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា»


 (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានអញ្ជើញប្រកាសដាក់ឲ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌី ជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា អមជាមួយការប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម។

កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោល បំណងឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងចូលរួម ស្ដារកំណើនទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួម អភិវឌ្ឍន៍ចំណេះ និងជំនាញឌីជីថល សម្រាប់បុគ្គលិកឯកជន ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ដូចជាសម្រាប់មន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នាឱកាសពិធីប្រកាសនេះ ឯកឧត្តម បណ្ឌិត ថោង ខុន បានគូសបញ្ជាក់ពីសារសំខាន់នៃ «អក្ខរកម្ម ឌីជីថល» ដែលដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងចូលរួមពង្រឹងនិរន្តរភាព និងឧត្តមភាពប្រកួតប្រជែង នៃវិស័យទេស ចរណ៍ជាតិ តាមរយៈការទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យា បម្រើដល់ការគ្រប់គ្រង និងការអភិវឌ្ឍ នៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមបរិបទ នៃបដិវត្តន៍ឧស្សាហកម្ម ៤.០។

ជាក់ស្តែង បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានជ្រៀតចូលយ៉ាងជ្រៅក្នុង សកម្មភាពសេដ្ឋកិច្ចសង្គម ក៏ដូចជាទំនាក់ទំនងរវាងកោសិកា គ្រប់ផ្នែក គ្រប់វិស័យនៃជីវភាពរស់ នៅប្រចាំថ្ងៃ ដោយបានជះឥទ្ធិពលយ៉ាងខ្លាំងលើកត្តាផលិតកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនា សម្ព័ន្ធសេដ្ឋកិច្ចជាតិ រួមទាំងវិស័យទេសចរណ៍ផងដែរ។

ដើម្បីជំរុញយុទ្ធនាការអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ឲ្យសម្រេចបានជោគជ័យ ប្រកប ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឯកឧត្តម រដ្ឋមន្ដ្រី ថោង ខុន បានលើកឡើងនូវអនុសាសន៍ ចំនួន៣រួមមាន៖ ទី១៖បន្តរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្តោតលើអក្ខរកម្មមូលដ្ឋាន និងអក្ខរកម្មជំនាញ ឆ្លើយតបតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ស្របតាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តន៍ឧស្សាហកម្ម ៤.០, ទី២៖ជំរុញឲ្យមានការទទួលយក និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឲ្យបានទូលំទូលាយនៅក្នុងគ្រប់ខ្សែច្រវាក់តម្លៃនៃវិស័យទេសចរណ៍កម្ពុជា ទាំងក្នុងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់, ទី៣៖ជំរុញការធ្វើទំនើបនីយកម្មមធ្យោបាយ ផ្ដល់ព័ត៌មានទេសចរណ៍ ទាំងសម្រាប់ទីផ្សារទេសចរណ៍អន្តរជាតិ និងទេសចរណ៍ផ្ទៃក្នុង ដោយ ប្រើប្រាស់ថ្នាលឌីជីថល។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមមតិយោបល់ចំនួន៤ចំណុច ដើម្បីជំរុញអក្ខរកម្មឌី ជីថលនៅកម្ពុជា រួមមាន៖ ទី១៖បន្តពង្រឹងការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ ពីការសិក្សានៅកម្រិតមូលដ្ឋាន មធ្យមសិក្សាទុតិយភូមិ, ទី២៖បន្តជំរុញការស្រូបយក និងការសម្រប ខ្លួន ដោយបំផុសចលនាឲ្យប្រជាពលរដ្ឋគ្រប់រូបដែលជាកោសិកាសង្គម-សេដ្ឋកិច្ច និងជាតួអង្គដែល មិនអាចខ្វះបាន ត្រូវស្រូបយក និងសម្របខ្លួន ទៅនឹងបច្ចេកវិទ្យាថ្មីៗ ដោយចូលរួមវគ្គបណ្តុះ បណ្តាលអក្ខរកម្ម និងអាចស្វែងរកធនធានបន្ថែមដែលមាននៅលើអ៉ីនធឺណិត, ទី៣៖បន្តពង្រឹង កិច្ចសហការរវាងស្ថាប័នរដ្ឋ ជាមួយវិស័យឯកជន និងគ្រឹះស្ថានអប់រំ ទាំងសាលា ចំណេះទូទៅ សាលាវិជ្ជាជីវៈ និងសាកលវិទ្យាល័យ ដើម្បីបញ្ចូលការអប់រំផ្នែកបច្ចេកវិទ្យា និងវិទ្យា សាស្ត្រ នៅ ក្នុងការបណ្តុះបណ្តាល ការតម្រង់ទិស និងការពង្រឹងសមត្ថភាព, ទី៤៖បន្តអភិវឌ្ឍន៍ហេ ដ្ឋារចនា សម្ព័ន្ធគាំទ្រ ពិសេសបណ្តាញព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់នវានុវត្តន៍ និងការ ពង្រឹងចំណេះ និងជំនាញឌីជីថលនៅកម្ពុជា។

នៅចុងបញ្ចប់នៃអង្គពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ថោង ខុន បានប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ព្រមទាំងបានប្រគល់សៀវភៅ «កម្មវិធីបណ្តុះ បណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា», «កម្រងសៀវភៅមេរៀនវគ្គបណ្តុះ បណ្តាល អក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា» និង «កម្រងអត្ថបទសិក្សា ស្តីពី ការអភិវឌ្ឍសេដ្ឋ កិច្ចឌីជីថលនៅកម្ពុជា» ជូនតំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍, សាលាវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យ ដើម្បីទុកប្រើប្រាស់ និងដាក់តម្កល់ផ្សព្វផ្សាយនៅតាមបណ្ណាល័យ សម្រាប់ បម្រើដល់ការសិក្សាស្វែងយល់របស់សាធារណជន និងសិស្ស និស្សិត៕