សកម្មជនបរិស្ថានវ័យក្មេងមកពីតំបន់អាស៊ីអាគ្នេយ៍ ជម្នះឧបសគ្គដើម្បីបញ្ចេញសំឡេងរបស់ពួកគេ ក្នុងទីក្រុង Glasgow


 (ក្លាសហ្គូវ)៖  តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ អោយដឹងថា ក្រុមសកម្មជនការពារបរិស្ថានដឹកនាំដោយសកម្មជនបរិស្ថានវ័យក្មេងដ៏លេចធ្លោម្នាក់ គឺយុវតី Greta Thunberg បាននាំគ្នាដើរជាក្បួនដើរដង្ហែរក្នុង ទីក្រុងក្លាសហ្គូវ (Glasgow) ប្រទេស ស្កុតលែន ជាទីដែលមេដឹកនាំពិភពលោកកំពុងជួបប្រជុំគ្នា ស្វែងរកដំណោះស្រាយទប់ស្កាត់ការប្រែ ប្រួលអាកាសធាតុ។

នៅក្នុងក្បួនដង្ហែរដែលមានគោលដៅទាមទារឱ្យមេដឹកនាំពិភពលោកនានា បង្ហាញពីការប្ដេជ្ញាចិត្ត និងធ្វើសកម្មភាពជាជាងការសន្យា ក៏មានការចូលរួមផងដែរពី សកម្មជនបរិស្ថានមកពីតំបន់ អាស៊ី អាគ្នេយ៍ ក្នុងនោះរួមមានទាំងលោក Jon Bonifacio។ លោក Bonifacio មានអាយុ ២៤ឆ្នាំគឺជា និស្សិតពេទ្យម្នាក់មកពីប្រទេស ហ្វីលីពីន ហើយលោកសម្រេចចិត្តធ្វើជាសកម្មជនការពារបរិស្ថាន ម្នាក់ នៅពេលដែលលោកបានឃើញផែនទីមួយដោយចៃដន្យបង្ហាញថាទៅថ្ងៃអនាគតហ្វីលីពីន អាចនឹងត្រូវបានជន់លិចដោយសារទឹកជំនន់នៅក្នុងរយៈពេលប៉ុន្មានទសវត្សខាងមុខនេះ។

លោក Bonifacio បានបញ្ជាក់ដូច្នេះថា «សាលាពេទ្យក្នុងទីក្រុងម៉ានីល ជាទីដែលខ្ញុំកំពុងសិក្សារៀន សូត្របានក្លាយជាកន្លែងមួយដែលអាចនឹងត្រូវជន់លិចដែលនេះហើយបានធ្វើឱ្យខ្ញុំចាប់ផ្ដើមគិតថាតើខ្ញុំកំពុងធ្វើអ្វី?… រហូតដល់ធ្វើឱ្យខ្ញុំសម្រេចថាត្រូវធ្វើសកម្មភាពការពារបរិស្ថានជាមុនសិន មុននឹង សម្រេចបំណងចង់ក្លាយ ជាវេជ្ជបណ្ឌិតម្នាក់»