(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះបានរៀបចំនូវកិច្ច ពិភាក្សាមួយក្រោមប្រធានបទ«កាកបាទក្រហមចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩»។ កិច្ចពិភាក្សានេះ ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា បានឲ្យដឹងថាក្នុងរយៈពេល ជិត២ឆ្នាំកន្លងមកនេះ កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការដល់អាជ្ញាធរសាធារណៈបាន បំពេញកិច្ចការងារជាច្រើន ពិសេសនៅក្នុងសហគមន៍តែម្ដង។ សម្រាប់កិច្ចពិភាក្សានៅថ្ងៃនេះ គឺ ដូចជាការបូកសរុបនូវលទ្ធផលការងារ ដែលកាកបាទក្រហមកម្ពុជាសម្រេចបាន។
បើតាមលោកជំទាវ ម៉ែន នារីសោភ័គ កាកបាទក្រហមកម្ពុជា មានអនុសាខានៅគ្រប់ទាំង២៥រាជ ធានី-ខេត្ត រហូតដល់ភូមិឃុំថែមទៀតផង ដូច្នេះកិច្ចពិភាក្សានៅពេលនេះ អាចបូកសរុបលទ្ធផលការ ងារជិត២ឆ្នាំមកនេះ ដែលពួកគាត់បានខិតខំប្រឹងប្រែងបំពេញកិច្ចការងារជារៀងរាល់ថ្ងៃ ដើម្បីបង្ហាញ ជូនសាធារណជន ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។
លោកជំទាវ អគ្គលេខាធិការរងរូបនេះ បានបន្ថែមទៀតថា ក្នុងកិច្ចពិភាក្សានេះ បានជ្រើសរើសយកវា គ្មិនចំនួន៤រូប ដើម្បីមកធ្វើបទបង្ហាញ និងជជែកវែងញែកគ្នា ប៉ុន្ដែមិនមែនមានន័យថា មានតែអ្នក ៤រូបនេះទេដែលធ្វើសកម្មភាព។
ការជ្រើសរើសយកមកនេះ ទី១៖ មកពីខេត្តព្រះសីហនុ ដែលជាទីតាំងឆ្លងជំងឺកូវីដ១៩ ដំបូងគេ, ទី២៖ យុវជនកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ, ទី៣៖ អ្នកស្ម័គ្រចិត្តនៅរាជធានីភ្នំពេញ ដែល បានឆ្លងកាត់នូវដំណាក់កាលបិទខ្ទប់ និងជាចំណុចកណ្ដាលនេះប្រទេសកម្ពុជា និងទី៤៖ មកពីស្រុក កោះធំ ខេត្តកណ្ដាល ដែលជាប់ជាមួយព្រំដែនប្រទេសវៀតណាម។
ជាមួយគ្នានេះ លោកជំទាវ ម៉ែន នារីសោភ័គ ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនផងដែរ ដែលកាកបាទក្រហមកម្ពុជាជួបប្រទះ នៅពេលបំពេញកិច្ចការងារនៅតាមសហគមន៍ ដោយសារតែ កូវីដ១៩ ជាជំងឺឆ្លងដ៏កាចសាហាវ ប៉ុន្ដែទាំងអស់នេះ មិនមែនជាឧបសគ្គ និងរារាំងដល់សកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជានោះទេ៕