(រ៉ូម)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា ក្រុមប្រទេស G20 បានបង្ហាញការប្ដេជ្ញាចិត្តចំពោះគោលដៅសំខាន់ៗ ជាច្រើន ក្នុងការកំណត់ឱ្យការឡើងកម្ដៅផែនដីនៅត្រឹម ១.៥អង្សាសេ ប៉ុន្តែមេដឹកនាំចំនួន បាន បង្ហាញការខកចិត្ត និងស្នើឱ្យកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចជោគជ័យនៅក្នុងសន្និ សីទ ស្ដីពីការប្រែប្រួលអាកាសធាតុ COP26 ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា ការសន្យារបស់បណ្ដាមេដឹកនាំ G20 ក្រោយកិច្ចប្រជុំរយៈពេល ២ថ្ងៃ ក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី មិនទាន់គ្រប់គ្រាន់ឡើយ ហើយលោកថែមទាំងព្រមានផងដែរ អំពីផលវិបាកធ្ងន់ធ្ងរសម្រាប់ភព ផែនដី។ លោក បូរីស ចនសុន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ប្រសិនបើកិច្ចប្រជុំកំពូលក្នុងទីក្រុង Glasgow ទទួលបរាជ័យ នោះអ្វីៗគ្រប់យ៉ាងក៏នឹងត្រូវបរាជ័យទៅតាមនោះដែរ…»។
ដូចគ្នាទៅនឹងលោក ចនសុន ដែរ, អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) ក៏បានលើកឡើងដែរថា លោកបានចាកចេញពីទីក្រុងរ៉ូម ដោយមិន អាចបំពេញក្ដីសង្ឃឹមរបស់លោក ប៉ុន្តែយ៉ាងហោចណាស់ក៏ក្ដីសង្ឃឹមរបស់លោក នៅមិនទាន់ត្រូវ បានកប់ចោលទាំងស្រុងនោះដែរ។
សូមបញ្ជាក់ថា បណ្ដាប្រទេស G20 ត្រូវបានគេរាយការណ៍ថា ជាអ្នកទទួលខុសត្រូវលើការបញ្ចេញ ឧស្ម័នកាបូនិកជិត ៨០ភាគរយទៅក្នុងបរិយាកាស ដូច្នេះហើយ ការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការ កាត់បន្ថយការ បញ្ចេញឧស្ម័នពុលនេះទៅក្នុងបរិយាកាស អាចជាភាពជោគជ័យនៅក្នុងកិច្ចប្រជុំ កំពូល COP26៕