(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១បានអោយដឹងថាសហរដ្ឋអាមេរិកបានថ្កោលទោស និងបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះសេចក្ដីរាយការណ៍ដែលថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានប្រព្រឹត្តទង្វើរំលោភ សិទ្ធិមនុស្ស និងបានបំផ្លាញផ្ទះសម្បែងរបស់ជនស៊ីវិលច្រើនជាង ១០០ខ្នង រួមទាំងវិហារគ្រឹស្ដមួយចំនួននៅក្នុង រដ្ឋ ឈីន (Chin) ស្ថិតនៅភាគខាងលិចនៃប្រទេស។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ពេលវេលានៅវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) ក៏បានចាត់ទុកផងដែរថា ទង្វើរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា គឺជារឿងគួរឱ្យស្អប់ មិនអាចទទួលយកបាន។ លោក Ned Price បានបញ្ជាក់បន្ថែមដូច្នេះថា «វាជាទង្វើដ៏គួរឱ្យស្អប់ ដែលបង្ហាញកាន់តែច្បាស់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវតែ ឱ្យយោធាមីយ៉ាន់ម៉ាទទួលខុសត្រូវ ហើយត្រូវចាត់វិធានការបង្ការ កុំឱ្យមានការបំពានសិទ្ធិមនុស្សបែបនេះតទៅទៀត ក្នុងនោះរួមមានទាំង ការហាមឃាត់ ការលក់អាវុធដល់យោធារបស់ពួកគេ»។
សូមជម្រាបថា ប្រតិកម្មរបស់ក្រសួងការបរទេសអាមេរិក កើតមានឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ មីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានរាយការណ៍ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានដុត បំផ្លាញផ្ទះជនស៊ីវិកច្រើនជាង ១០០ខ្នង រួមទាំងវិហារគ្រឹស្តមួយចំនួន នៅក្នុងការប៉ះទង្គិចគ្នាដោយ អាវុធ ជាមួយចលនាប្រឆាំងរដ្ឋប្រហារ និងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅក្នុងទីក្រុង ថាន់ថ្លាង (Thantlang) នៃរដ្ឋ Chin។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក សរ មីន តាន់ (Zaw Min Tun) បានចេញមុខច្រានចោល សេចក្ដីរាយការណ៍នេះដោយចាត់ទុកថា «ជាការចោទ ប្រកាន់គ្មានមូលដ្ឋាន»៕