មេដឹកនាំប្រទេសអាស៊ានបូក៣ ប្តេជ្ញាពន្លឿននីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវការចូលជា ធរមាននូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅដើមឆ្នាំក្រោយ

 (ភ្នំពេញ)៖ បណ្តាមេដឹកនាំប្រទេសអាស៊ានបូក៣ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការ ពន្លឿននីតិវិធីផ្ទៃក្នុងប្រទេសរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវការចូលជាធរមាននូវភាពជាដៃគូ សេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅខែមករា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៤ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំនេះបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមការរៀបចំដោយប្រទេសប្រ៊ុយណេជាម្ចាស់ផ្ទះ ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងបណ្តាមេដឹកនាំ អាស៊ានដទៃទៀត (លើកលែងតែប្រទេសមីយ៉ាន់ម៉ា) ខណៈដែលមេដឹកនាំប្រទេស៣ មានដូចជា នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង, នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida ) និងប្រធានាធិបតីសាធាណរដ្ឋកូរ៉េ លោក ម៉ូន ចែអ៊ីន។

ក្រសួងការបរទេសបានប្រកាសថា៖ ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការ ពន្លឿននីតិវិធីផ្ទៃក្នុងប្រទេសរៀងៗខ្លួនដើម្បីធានាឱ្យបាននូវការចូលជាធរមាននូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅខែមករា ឆ្នាំ២០២២ ។

ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់បន្ថែមទៀតលើភាពចាំបាច់ក្នុងការជួយដល់ប្រជាពលរដ្ឋ និងធុរកិច្ច ដែល ទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាពិសេស សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្រុមធុរកិច្ច និងក្រុមដែលងាយរងគ្រោះ តាមរយៈការសម្រួល សមាហរណកម្ម របស់ខ្លួន ទៅក្នុងសេដ្ឋកិច្ចឌីជីថល ការអាចទទួលបានហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរក្សាបាននូវប្រតិបត្តិការ និងលើកកម្ពស់ភាពប្រកួតប្រជែង ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា យន្តការអាស៊ានបូកបី គឺជាកម្លាំងចលករដែលមិន អាចខ្វះបានសម្រាប់ការឆ្លើយតបនឹងវិបត្តិនានាប្រកបដោយប្រសិទ្ធភាព។ ទោះបីជាមានជំងឺរាតត្បាតក្តីក៏តំបន់អាស៊ានបូកបីនៅតែជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចសម្រាប់តំបន់ និងពិភពលោកទាំងមូល។

សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្តេចតេជោនាយករដ្ឋមន្ត្រី បាន អំពាវនាវឱ្យប្រទេសអាស៊ានបូកបី (APT) ពន្លឿនដំណើរការផ្តល់សច្ចាប័ន ដើម្បីបើកផ្លូវដល់ការ អនុវត្តឱ្យបានឆាប់នៃកិច្ចព្រមព្រៀង ដើម្បីអាចទាញយកផលប្រយោជន៍ សេដ្ឋកិច្ចសម្រាប់តំបន់ តាមរយៈការធ្វើឱ្យពាណិជ្ជកម្មមានសកម្មភាពសកម្មឡើងវិញ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យដាក់បញ្ចូលវិស័យអាទិភាពទាំង៤ ទៅក្នុងផែនការការ ងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) ជំនាន់ថ្មី ២០២៣-២០២៧ រួមមាន ១៖ សន្តិសុខ សុខភាពសាធារណៈ ២៖ ការកសាងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ៣) ផលិតកម្មកសិកម្មដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និង ៤៖ ថាមពលប្រកបដោយចីរភាព៕