សម្តេចពិជ័យសេនា ទៀ បាញ់៖ ដំណោះស្រាយលើទិដ្ឋភាពយោធា ជាបញ្ហាចោទធំជាងគេនៃដំណាក់ កាលសម្រេចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

 (ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ និងជាឥស្សរ ជនខ្មែរមួយរូបដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ បានរំឮកថា កាលពី៣០ឆ្នាំមុន ដំណោះស្រាយលើទិដ្ឋភាពយោធាជាបញ្ហាចោទធំជាងគេនៃដំណាក់កាលសម្រេចកិច្ចព្រមព្រៀមសន្តិភាព ២៣តុលា ១៩៩១ ក្រោមការចរចាដឹកនាំផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន។

កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថា  «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺមានអាយុឆ្នាំ ៣០ហើយ។ រយៈពេល៣០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់វិញ្ញាសា និងការលំបាកតូចធំរាប់មិនអស់ ទម្រាំទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃ។

តាមរយៈទំព័រ Facebook ចំនឹងខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស សម្តេចពិជ័យ សេនា ទៀ បាញ់ បានរំឮកយ៉ាងដូច្នេះថា៖ «ខ្ញុំនៅចងចាំថា កាលពី៣០ឆ្នាំមុន នៅក្នុង ដំណាក់កាល នៃការចរចាក្រោមការដឹកនាំផ្ទាល់ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានបញ្ហាច្រើន ណាស់ដែលលេចឡើង ប៉ុន្តែបញ្ហាដែលចោទធំជាងគេ គឺដំណោះស្រាយលើទិដ្ឋភាពយោធា ដែលពិបាកឈានដល់កិច្ចព្រមព្រៀង»

សម្តេចពិជ័យសេនា បានបន្ថែមថា «ប៉ុន្តែនៅក្នុងកិច្ចដំណើរការទាំងអស់នេះ គោលនយោបាយ “ឈ្នះ ឈ្នះ” គឺជាស្នូល និងជាឧបករណ៍ដ៏សំខាន់បំផុតនៃទស្សនវិជ្ជាសន្តិភាពរបស់យើង ហើយវាក៏ជាមេ រៀនដ៏សំខាន់បំផុតផងដែរ ដែលកម្ពុជាដកស្រង់បានពីការសាកល្បង និងការតស៊ូយ៉ាងប្តូរផ្តាច់ អស់រយៈពេលជាច្រើនទសវត្ស ដើម្បីឈានមកសម្រេចបាននូវសន្តិភាព និងភាពសុខក្សេមក្សាន្ត យ៉ាងពេញលេញនាពេលបច្ចុប្បន្ននេះ»

ផ្តើមចេញពីជំនួបលើកទី១នេះក៏បានបើកផ្លូវទៅជំនួបជជែកជាបន្តបន្ទាប់រវាងខ្មែរគ្រប់ភាគីជាពិសេស គឺសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដោយមានការសម្របសម្រួលពីប្រទេស ជាមិត្តផងនោះ ក៏ឈានដល់ជំនួបចុងក្រោយ និងឈានទៅការចុះកិច្ចព្រមព្រៀងស្តីពីដំណោះ ស្រាយនយោបាយរួមរបស់កម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅប្រទេសបារាំង។

កិច្ចព្រមព្រៀងនេះ ក្រៅតែពីចុះហត្ថលេខាដោយភាគីជម្លោះរបស់ខ្មែរទាំង៤ភាគីហើយនោះ ក៏មាន ការចូលរួមចុះហត្ថលេខាដឹងឮពីបណ្តាប្រទេសចំនួន១៧ផ្សេងទៀតរួមមាន៖ អាមេរិក, អង់គ្លេស, បារាំង, សូវៀត និងចិន, ឥណ្ឌូនេស៊ី, វៀតណាម,ឡាវ,ថៃ សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលីផងដែរ៕